អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំដាក់ពង្រាយកងទ័ពបន្ថែម និងសព្វាវុធយោធាមួយចំនួន ដូចជាយន្តហោះគ្មានមនុស្សបើកជាដើមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បញ្ជាក់ថា ការវាយតម្លៃនេះ កើតឡើងនៅពេលដែលកូរ៉េខាងជើង កំពុងត្រៀមបញ្ជូនទ័ពរាប់ពាន់នាក់ទៅប្រយុទ្ធក្នុងសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ។
ទន្ទឹមនោះ អគ្គសេនាធិការចម្រុះ (JCS) ក៏បាននិយាយថា ការវាយតម្លៃដ៏ទូលំទូលាយនៃការស៊ើបការណ៍សម្ងាត់ជាច្រើនបង្ហាញថា កូរ៉េខាងជើង កំពុងរៀបចំបង្វិល ឬបង្កើនការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសរុស្ស៊ី ខណដែលបច្ចុប្បន្ន កំពុងផ្គត់ផ្គង់គ្រាប់រ៉ុក្កែត ២៤០ មីលីម៉ែត្រ និងកាំភ្លើងធំបាញ់ស្វ័យប្រវត្តិ ១៧០ មីលីម៉ែត្រ។
JCS បានបន្ថែមថា វាក៏មានសញ្ញាមួយចំនួនដែលកូរ៉េខាងជើង ផ្លាស់ប្តូរជំហរទៅផលិត និងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត ដែលបង្ហាញជាលើកដំបូងក្នុងអំឡុងពេលត្រួតពិនិត្យនៅនឹងកន្លែងដោយ លោក គីម ជុងអ៊ុន កាលពីខែវិច្ឆិកា រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធអាវុធធម្មតារបស់ខ្លួន ។
គួរបញ្ជាក់ថា កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង រាយការណ៍ថា លោក គីម បានសង្កេតការសាកល្បងនៃប្រភេទយន្តហោះគ្មានមនុស្សបើកវាយប្រហារអត្តឃាត និងអំពាវនាវឱ្យមានការផលិតអាវុធពេញលេញ ដែលកាន់តែមានសារៈសំខាន់នៅក្នុងសង្គ្រាមទំនើប ដោយសារតែប្រសិទ្ធភាពនៃការចំណាយ៕
ដោយ៖ ពេជ្រ