មេដឹកនាំថ្មីរបស់ប្រទេសស៊ីរីបានតែងតាំងរដ្ឋមន្ត្រីការបរទេស និងការពារជាតិដែលមានទំនាក់ទំនងជាមួយក្រុមដែលបានផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad ។
លោក Abu Mohammed al-Golani មេដឹកនាំក្រុមឧទ្ទាម Hayat Tahrir al-Sham ឬ HTS ត្រូវបានគេជឿថាកំពុងមានគំនិតផ្តួចផ្តើមក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនៃរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី។ កាលពីថ្ងៃសៅរ៍ លោក Assad Hassan al-Shibani អាយុ ៣៧ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ខណពីមុនគាត់បានធ្វើការជាមួយនាយកដ្ឋាននយោបាយនៃក្រុមដែលទាក់ទងនឹង HTS ។ គាត់ក៏បានសិក្សានៅប្រទេសទួរគីផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនិយាយថា រដ្ឋមន្ត្រីការពារជាតិដែលទើបតែងតាំងថ្មីគឺលោក MurhafAbu Qasra ដែលជាឥស្សរជនជាន់ខ្ពស់ក្រុម HTS ។ កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីបានចុះផ្សាយរូបថតរបស់រដ្ឋមន្ត្រីការពារជាតិថ្មី និងលោក Golani ជួបជាមួយមេដឹកនាំក្រុមប្រដាប់អាវុធ។ របាយការណ៍បាននិយាយថា ពួកគេពិភាក្សាអំពីការបង្កើតកងកម្លាំងរដ្ឋាភិបាលថ្មី។
កាសែត Washington Post រាយការណ៍ថា មន្ត្រីអាមេរិកបានប្រាប់ Golani ថាពួកគេនឹងពិចារណាដកចេញនូវការកំណត់ក្រុមភេរវករ HTS ប្រសិនបើរដ្ឋាភិបាលរួមបញ្ចូលមួយត្រូវបានបង្កើតឡើង។
ការយកចិត្តទុកដាក់គឺផ្តោតលើថាតើរដ្ឋាភិបាលបណ្តោះអាសន្នអាចបង្កើតគណៈរដ្ឋមន្ត្រីនៃការផ្សះផ្សាជាតិដែលរួមមានសមាជិកជនជាតិភាគតិច និងស្ត្រីតាមការស្នើសុំរបស់សហគមន៍អន្តរជាតិដែរឬទេ៕
ដោយ៖ ពេជ្រ