អត្តពលិកវាយកូនបាល់២១ប្រទេស កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា

បន្ទាប់ពីការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ សប្តាហ៍ទី១ បានបិទបញ្ចប់ដោយជោគជ័យ នៅចុងសប្តាហ៍នេះកន្លងទៅនេះ មានបណ្ដាលអត្តលិកដែលចូលរួមប្រមាណ២១បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរីករាយ។

អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍ថា៖ ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ បានបិទព្រឹត្តិការណ៍នេះនៅសប្តាហ៍ទី១ ដែលបានប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា ហើយសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបន្ថែមថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់មកពី ២១ប្រទេស ដែលមានកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពានរង្វាន់ ទេព ឃុនណា ដែលធ្វើឡើងដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាពេលបច្ចុប្បន្ននេះទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ស្របពេលដែលបណ្តាប្រតិភូកីឡាករ កីឡាការិនីមកពី ២១ប្រទេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរីករាយ។

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធអន្តរជាតិ និងប្រតិភូមកពីប្រទេសនានាទុកចិត្តខ្ពស់ចំពោះសុខសន្តិភាពរបស់កម្ពុជា ក៏ដូចជាគុណភាពនៃការរៀបចំរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផងដែរ ដោយសារតែកម្ពុជាធ្លាប់បានរៀបចំជាច្រើនលើកមកហើយ។

ចំពោះអត្តពលិកម្ចាស់ផ្ទះកម្ពុជាដែលចូលរួមចំនួន៣នាក់ត្រូវបានលោកអគ្គលេខាធិការគូសបញ្ជាក់ថា ពួកគាត់មិនត្រឹមតែអាចទប់ទល់បានជាមួយគូប្រកួតអន្តរជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែមានប្រកួតខ្លះក៏ឈ្នះដែរ ដូច្នេះ លោកបានមើលឃើញពីភាពរីកចម្រើន និងគុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាកាន់តែល្អប្រសើរផងដែរ។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតសប្តាហ៍ទី២ កំពុងបន្តការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕(ដកស្រង់ពីផេក៖ Olympiccambodia)

Written by 

Related posts

Leave a Comment