ភ្នំពេញ៖ យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា អគ្គស្នងការរដ្ឋាននគរបាលជាតិ កំពុងរៀបចំឯកសារប្ដឹងទៅអាជ្ញាធរថៃ និងអង្គការអន្តរជាតិ ដើម្បីរកយុត្តិធម៌ជូនយុវតីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ដែលត្រូវបានទាហានឈុតខ្មៅថៃ៧នាក់ រំលោភបំពានលើរូបរាងកាយនៅប្រទេសថៃ ខណដែល យុវតីនេះ និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ផ្សេងទៀត បានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។
លោក ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥ ដោយលោកបញ្ជាក់ថា បន្ទាប់ពីស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ពីការរំលោភបំពានលើរាងកាយ(រំលោភបូក) ពីសំណាក់ក្រុមទាហានឈុតខ្មៅរបស់ថៃចំនួន៧នាក់នោះ អគ្គស្នងការរដ្ឋាននគរបាលជាតិ បានបញ្ជូនមន្រ្តីជំនាញពាក់ព័ន្ធចុះទៅសហការជាមួយស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសួរនាំ ស៊ើបអង្កេត និងប្រមូលភត្តុតាងផ្សេងៗ ដើម្បីបញ្ជូនឯកសារ និងប្ដឹងទៅ អាជ្ញាធរថៃ និងអង្គការអន្តរជាតិនានា ដើម្បីចាត់វិធាន ការទៅលើជនល្មើសទាហានឈុតខ្មៅទាំង៧នោះទៅតាមផ្លូវច្បាប់៕



