និយ័តករធានារ៉ាប់រងកម្ពុជា បញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍ “ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម”ដល់ប្រជាកសិករនៅស្រុកបាកាន

សិក្ខាសាលាផ្សព្វផ្សាយអំពី“ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម”ត្រូវបានរៀបចំទ្បើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម និងបង្កើនទំនុកចិត្តដល់អតិថិជនធានារ៉ាប់រង និងប្រជាកសិករដែលមានបំណងទិញផលិតផលធានារ៉ាប់រង។

លោក ទូច ម៉េងទ្បេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោល-បំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម ជាពិសេស អត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងផ្ទាល់។

លោកបានរំលឹកទ្បើងវិញថា វិស័យធានារ៉ាប់រង  គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលបាននឹងកំពុងដើរ តួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ លោកថាទីផ្សារធានារ៉ាប់រងកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័សស្របតាម “យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤” និង “យុទ្ធសាស្រ្តបញ្ច-កោណ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានគោលដៅចម្បងដូចជា ការរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

គួរកត់សម្គាល់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ទំហំទីផ្សារធានារ៉ាប់រងកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ យ៉ាងណាម៉ិញ ទំហំទីផ្សារនេះ បានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ ១.១៣% ហើយដង់ស៊ីតេធានារ៉ាប់រង មានចំនួន ២០,៦៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់សំណងដែលបានទូទាត់ជូនអតិថិជនមានចំនួន ១០៤ លានដុល្លារអាម៉េរិក   ដែលនេះជាភស្ដុតាងបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលក្នុងការអភិវឌ្ឍនាពេលអនាគត។

លោកបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ ដែលកំពុងដំណើរការលើទីផ្សារធានារ៉ាប់រង និងផ្តល់ការការពារជូនប្រជាជនកម្ពុជា ក្នុងនោះដែរ មានក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។

លោក ទូច ម៉េងទ្បេង បានបញ្ជាក់ទ្បើងវិញថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម” នៅថ្ងៃនេះគឺជាការចែករំលែកចំណេះដឹង ក៏ដូចជាបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានា-រ៉ាប់រងខ្នាតតូចដំណាំកសិកម្ម និងដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនធានារ៉ាប់រង និងប្រជាពលរដ្ឋដែលមានបំណងទិញផលិតផលធានារ៉ាប់រងផងដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងសេវាធានារ៉ាប់រង និងអាចធ្វើការចូលរួមចំណែកក្នុងវិស័យធានា-រ៉ាប់រងតាមរយៈការជួយផ្សព្វផ្សាយពីចំណេះដឹងទាំងនេះទៅកាន់សាធារណជនផ្សេងទៀត៕

Written by 

Related posts

Leave a Comment