ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។

បើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកំសាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្រ្តចម្រុះនៃប្រទេសកម្ពុជា។
ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ០៣ ឆ្នាំមកនេះ សួនដែលមានលក្ខណៈធម្មជាតិនេះ បានលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ ម៉ឺននាក់ឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសយើង៕







