នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ថា ជាអ្នកជំរុញភ្លើងជម្លោះនៅអ៊ុយក្រែន និង ជំរុញឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប ប្រកាន់យកជំហរប្រឈមមុខដាក់គ្នាកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី។

លោក Orban បាននិយាយថា មិនដូចប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងប្លុកនេះទេ ប្រទេសហុងគ្រី តែងតែប្រឆាំងនឹងគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងព្រុចសែល ហើយអំពាវនាវឱ្យមានវិធីសាស្រ្តការទូតបន្ថែមទៀត ដើម្បីបញ្ចប់អរិភាព។ លើសពីនេះ ហុងគ្រី ក៏បានបដិសេធមិនផ្តល់អាវុធដល់ទីក្រុងគៀវ និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ ផងដែរ។
លោក Orban បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯសេតវិមាន កាលពីថ្ងៃសុក្រថា បើគ្មានសម្ពាធពីរដ្ឋាភិបាលលោក Biden ទេ បណ្តាប្រទេសនៅអឺរ៉ុប ក៏នឹងមិនប្រកាន់ជំហរនាំឱ្យមានសង្គ្រាមដូចសព្វថ្ងៃនេះដែរ។

លោកនាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា “នោះជាការពិតនៃប្រវត្តិសាស្ត្រ”។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Orban ត្រូវបានគាំទ្រដោយលោក Trump ដែលឆ្លើយតបថា ជម្លោះនេះកើតចេញពីកំហុសដែលអ្នកកាន់តំណែងមុន។ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា លោក Biden ពិតជាបានជំរុញឲ្យសង្គ្រាមនោះកើតឡើង ដោយបន្ថែមថា លោក Trump ទទួលថ្មបាក់តាមក្រោយ៕

ដោយ៖ ពេជ្រ
