អារ៉ាប៊ីសាអូឌីត ថ្កោលទោសអ៊ីស្រាអែល ចំពោះការសម្រេចចិត្តពង្រីកការតាំងទីលំនៅ នៅតំបន់ Golan Heights ដែលស៊ីរីកាន់កាប់

អារ៉ាប៊ីសាអូឌីតបានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យដើម្បីពង្រីកអគារតាំងទីលំនៅនៅតំបន់ Golan Heights ដែលកាន់កាប់ដោយស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានរំលឹកឡើងវិញនូវការថ្កោលទោសរបស់ព្រះរាជាណាចក្រនេះចំពោះសកម្មភាពឆក់ឱកាសរបស់អ៊ីស្រាអែល ដើម្បីបំផ្លិចបំផ្លាញដល់សន្តិសុខ និងស្ថិរភាពប្រទេសស៊ីរីដែលទើបផ្លាស់ប្តូររបបអាសាដ ខណដែលអ៊ីស្រាអែលបាន និងកំពុងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើតំបន់ដែលគ្រប់គ្រងដោយស៊ីរី។

អារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការរំលោភបំពានរបស់អ៊ីស្រាអែល ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ខណកំពុងរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ទ្បើងវិញ។ អារ៉ាប៊ីសាអូឌីត ​បាន​សង្កត់​ធ្ងន់​ថា​ តំបន់​ហ្គោលែន​ជា​ទឹកដី​ស៊ីរី​ដែល​អារ៉ាប់​កាន់កាប់។

នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តជាឯកច្ឆ័ន្ទនូវផែនការដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដើម្បីបង្កើនការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់ដោយស៊ីរី ជាមួយនឹងគម្រោងថវិកាចំណាយលើសពី ៤០លានសេក (11.13 លានដុល្លារ) ។

 តំបន់ Golan Heights ជា​ទឹកដី​ស៊ីរី​ហើយត្រូវបានកាន់កាប់​ដោយ​អ៊ីស្រាអែលទាំងខុសច្បាប់អន្តរជាតិ​តាំង​ពី​សង្រ្គាម​មជ្ឈិមបូព៌ា​ឆ្នាំ ១៩៦៧ មកម្លេះ។ បច្ចុប្បន្ននេះ មានប្រជាជនប្រមាណ ៥០,០០០ នាក់កំពុងរស់នៅក្នុងតំបន់ Golan Heights របស់ស៊ីរីដែលត្រូវបានកាន់កាប់ ដែលពាក់កណ្តាលជាអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ខណៈដែលពាក់កណ្តាលទៀតមាន Druze, Alawites និងជនជាតិដទៃទៀត។ នេះបើយោងតាមកាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Haaretz ។

លោក Bashar al-Assad ដែលគ្រប់គ្រងប្រទេសស៊ីរីដោយកណ្តាប់ដៃដែកអស់រយៈពេលជិត ២៥ ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ៨ ខែធ្នូ បន្ទាប់ពីក្រុមប្រឆាំងរបបគ្រប់គ្រងបានដណ្តើមកាន់កាប់ទីក្រុង Damascus ។ ការកាន់កាប់នេះបានធ្វើឡើងបន្ទាប់ពីក្រុមយុទ្ធជន Hayat Tahrir al-Sham (HTS) បានដណ្តើមយកទីក្រុងសំខាន់ៗនៅទូទាំងប្រទេសក្នុងការវាយលុកដ៏ឆាប់រហ័សមួយដែលមានរយៈពេលតិចជាងពីរសប្តាហ៍។

ឆ្លៀតយកប្រយោជន៍ពីការដួលរលំរបស់លោក Assad អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងទីតាំងយោធានៅទូទាំងប្រទេសស៊ីរី ដែលជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយនេះ។

អ៊ីស្រាអែលក៏បានប្រកាសពីការដួលរលំនៃកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ ១៩៧៤ ជាមួយប្រទេសស៊ីរី និងបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់គ្មានយោធានៅក្នុងតំបន់ Golan Heights ក្នុងសកម្មភាពដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយអង្គការសហប្រជាជាតិ និងប្រទេសអារ៉ាប់មួយចំនួន៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment