ឃុំចំនួន៣នៃស្រុកលំផាត់រួមទាំងផ្លូវជាតិលេខ៧៦ បានរងផលប៉ះពាល់ ខណៈជំនន់ទឹកភ្លៀងបានហក់ឡើងលើសកម្រិតប្រកាសអាសន្ន

ខេត្តរតនគីរី÷ ជំនន់ទឹកភ្លៀងនៃទន្លេស្រែពកបានហក់ឡើងលើសកម្រិតប្រកាសអាសន្ន ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងមិនឈប់ឈរ ហើយនៅក្នុងឃុំចំនួន៣ក្នុងស្រុកលំផាត់ បានប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនព្រមទាំងដំណាំដាំដុះនិងអាស្រ័យផលព្រមទាំងផ្លូវជាតិលេខ៧៦ក៏បានលិចលង់ផងដែរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានលិចជាបណ្ដើរៗហើយ លោកអភិបាលស្រុកលំផាត់បានប្រកាសឲ្យបិទផ្លូវជាតិលេខ៧៦ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីជាបណ្ដោះសន្នសិន មិនឲ្យរថយន្តធ្វើដំណើរឬក៏ម៉ូតូបើកបរឆ្លងកាត់លើផ្លូវមួយខ្សែនេះទេ ដើម្បីការពារសុវត្ថិភាពជូនពួកគាត់ជៀសវាងករណីជួបឧបទ្ទវហេតុដោយប្រការណាមួយនោះ។

លោក កិ សុគា អភិបាលស្រុកលំផាត់ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥កញ្ញានេះ ថា នៅក្នុងឃុំចំនួន៣ នៃស្រុកលំផាត់ ក្នុងនោះមានឃុំជ័យឧត្តម ៦ភូមិ, ឃុំកាឡែង មាន៣ភូមិ, និងឃុំសេដា មាន៧ភូមិ ត្រូវបានជំនន់ទឹកភ្លៀងលិចលង់លំនៅឋាន ហើយត្រូវបានអាជ្ញាធរស្រុកចុះជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋនិងសត្វពាហនៈមកទីទួលសុវត្ថិភាព។

លោក កិ សុគា អភិបាលស្រុកលំផាត់បានបញ្ជាក់ទៀតថា នៅថ្ងៃម្សិលមិញនេះទឹកទន្លេស្រែពកនៅមិនទាន់បានហក់ឡើងខ្លាំងនោះទេ ហើយប្រជាពលរដ្ឋនៅតាមផ្ទះដដែល ប៉ុន្តែនៅព្រឹកថ្ងៃទី២៥នេះ ទឹកទន្លេបានហក់ឡើងយ៉ាងកំហុកតែម្តង.! ទឹកបានហូរចូលលិចផ្លូវជាតិលេខ៧៦ ត្រូវបានបិទជាបណ្ដោះអាសន្នក្នុងការធ្វើចរាចរណ៍ទៅមក រថយន្តនិងម៉ូតូជៀសវាងជួបឧបទ្ទវហេតុប្រការណាមួយនោះ៕

Written by 

Related posts

Leave a Comment