ស្ថានទូតប៉ូឡូញប្រចាំរដ្ឋធានី Minsk បានឱ្យដឹងថា ក្រសួងការបរទេសប៉ូឡូញ អំពាវនាវឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសបេឡារុស្សជាបន្ទាន់ និងចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះ។

ស្ថានទូត បានបញ្ជាក់ថា ក្រសួងការបរទេស ទទូចឱ្យចៀសវាងរាល់ការធ្វើដំណើរទៅកាន់សាធារណរដ្ឋបេឡារុស្ស និងអំពាវនាវពលរដ្ឋប៉ូឡូញដែលកំពុងរស់នៅសាធារណរដ្ឋនេះឱ្យចាកចេញជាបន្ទាន់។
ស្ថានទូត បានលើកឡើងពីស្ថានភាពតានតឹងនៅតាមព្រំដែន និងអ្វីដែលខ្លួនពិពណ៌នាថាអាចមានការចាប់ខ្លួនពលរដ្ឋប៉ូឡូញដោយបំពាន ផងដែរ។
ប៉ូឡូញ បានបិទច្រកព្រំដែនទាំងអស់ជាមួយបេឡារុស្ស កាលពីថ្ងៃទី ១២ ខែកញ្ញា។ ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅថ្ងៃទី ៩ ខែកញ្ញា ដោយលោកនាយករដ្ឋមន្រ្តី Donald Tusk ជុំវិញសមយុទ្ធ Zapad 2025 រវាងប្រទេសបេឡារុស្ស និងរុស្ស៊ី កាលពីថ្ងៃទី ១២-១៦ ខែកញ្ញា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រទេសប៉ូឡូញ បានបើកព្រំដែនឡើងវិញ ដោយអនុញ្ញាតឱ្យធ្វើចរាចរទៅកាន់ទឹកដីរបស់ខ្លួនធម្មតា ខណៈមកដល់ពេលនេះអាជ្ញាធរក្រុង Warsaw អះអាងពីស្ថានការណ៍តានតឹងជាថ្មី៕

ដោយ៖ ពេជ្រ