Son Heung-min បានជាប់ជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំទ្វីបអាស៊ីជាលើកទី១០ ដោយបានទម្លាក់មិត្តរួមក្រុមកូរ៉េខាងត្បូង Lee Kang-in និងកំពូលតារាព័រទុយហ្គាល់ Cristiano Ronaldo ក្នុងការបោះឆ្នោតឆ្នាំ ២០២៥ ។ Son ទទួលបានសំឡេងគាំទ្រសរុប ២៣១សំឡេង នាំមុខ Kim Min-jae ខ្សែការពារ Bayern Munich ដែលមាន១៩៧សំឡេង និង Ronaldo ខ្សែប្រយុទ្ធ Al Nassr ដែលទទួលបាន ១៧២ សំឡេង ។
សូមជម្រាបថាពាន Best Footballer in Asia រៀបចំដោយកាសែនចិន Titan Sports ចាប់តាំងពីឆ្នាំ២០១៣ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងពាន Ballon d’Or ដែរ។ រយៈពេល១១ឆ្នាំមកនេះ គេបានរកឃើញអ្នកឈ្នះតែ៣រូបបុណ្ណោះ ក្នុងនោះអតីតកីឡាករជប៉ុន និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ទទួលបានលើកដំបូងនៅឆ្នាំ ២០១៣ និងអតីតខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ឈ្នះនៅឆ្នាំ២០១៦។ ក្រៅពីនោះ ១០លើកធ្លាក់ទៅក្នុងដៃ Son ទាំងអស់ ពោលគឺក្នុងឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩, ២០២០, ២០២១, ២០២២ ,២០២៣ និងចុងក្រោយឆ្នាំ២០២៥នេះ៕
