អង្គកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តរតនគិរី ដង្ហែទៅប្រគេនព្រះសង្ឃ នៅវត្តឦសានរតនារាម(ហៅវត្តភ្នំស្វាយ)

ខេត្តរតនគិរី÷ អង្គកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយរដ្ឋបាលខេត្តរតនគិរី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តឦសានរតនារាម(ហៅវត្តភ្នំស្វាយ)ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានប្រារព្ធពិធីសូត្រមន្ត មនសិការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលាខេត្តរតនគិរី នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

លុះព្រឹកឡើងថ្ងៃទី១៤ខែ,ឆ្នាំដដែល អង្គកឋិនទានបានដង្ហែ ឆ្ពោះទៅកាន់ទីអារាម ខាងលើដើម្បីវេរអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ក្នុឱកាសដ៏ថ្លៃថ្លានេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការទាំងអស់ ដោយសេចក្តីសោមនស្សរីករាយដែលបានស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទ ប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាដូចជា កសាងកុដិ កសាងហេដ្ឋារចនាសម្ព័ន្ធនានាឲ្យបានល្អប្រសើរបន្ថែមទៀត។

លោក ញ៉ែម សំអឿន បានថ្លែងបានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមជាថវិកា និងចូលរួមជួយជ្រោមជ្រែងក្នុងពិធីបុណ្យបានយ៉ាងរលូនអស់ពីកម្លាំងកាយចិត្តគ្រប់ៗគ្នា។

ហើយសូមឲ្យកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាននេះ ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។

យោងតាមប្រពៃណីព្រះពុទ្ធសាសនានាសម័យពុទ្ធកាលមកបានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។

គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

Written by 

Related posts

Leave a Comment