ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានពណ៌នាថា ភាពងាយរងគ្រោះនៃប្លុកណាតូ និងភាពខ្សោយនៃប្រព័ន្ធការពារដែនអាកាស កំពុងលេចឡើងតាមរយៈឧប្បត្តិហេតុ ក្នុងសប្តាហ៍នេះនៅប្រទេសប៉ូឡូញ ដែលរងការឈ្លានពានតាមអាកាស ដោយសារយន្តហោះគ្មានមនុស្សបើក។

រដ្ឋាភិបាលប៉ូឡូញ បានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួនចំនួន ១៩ ដង កាលពីថ្ងៃពុធ ដោយការចោទប្រកាន់ថាជាយន្តហោះគ្មានមនុស្សបើករុស្ស៊ី ហើយចាត់ទុកឧបទ្ទវហេតុនេះថា មិនធ្លាប់មានពីមុនមក និងស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។
ទោះជាយ៉ាងណា ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់នៃការវាយប្រហារដោយចេតនានេះ ដោយបញ្ជាក់ថា ការអះអាងខ្វះភស្តុតាង។

កាសែត Politico រាយការណ៍ថា ក្នុងអំឡុងពេលនៃឧបទ្ទវហេតុនេះ កងកម្លាំងណាតូ តាមសេចក្តីរាយការណ៍ ក៏បានបញ្ជូនយន្តហោះចម្បាំង F-35 ហូឡង់ រួមជាមួយនឹងយន្តហោះស៊ើបការណ៍អ៊ីតាលី និងប្រព័ន្ធការពារដែនអាកាសអាល្លឺម៉ង់ Patriot ដើម្បីតាមដាន និងស្ទាក់ចាប់យន្តហោះទាំងនោះ ផងដែរ៕

ដោយ៖ ពេជ្រ