ឆ្នាំនេះគឺជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ហើយក៏ជាឆ្នាំចាប់ផ្តើមរៀបចំនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ផងដែរ ។ រំលឹកឡើងវិញនូវរយៈពេលប្រាំឆ្នាំដ៏អស្ចារ្យទាំងនេះ ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយលក្ខណៈត្រួសត្រាយ កំណែទម្រង់ដែលមានលក្ខណៈវាយទម្លុះនិងសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី ហេតុនេះហើយ ប្រទេសចិនបានក្លាយជាកម្លាំងដ៏នឹងនរបំផុត គួឱ្យជឿទុកចិត្តបំផុតនិងសកម្មបំផុតសម្រាប់ជំរុញការអភិវឌ្ឍរបស់ពិភពលោក ។
ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានកើនឡើងពី ៥៤ ទ្រីលានយាន់ប្រាក់ចិនទៅដល់ជិត ១៣៥ ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៦ ភាគរយ ។ ទិន្នន័យខាងលើនេះគឺជាការបង្ហាញយ៉ាងច្បាស់នៃសមិទ្ធផលដែលទទួលបានក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ។ វាមានន័យថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ចិនកាន់តែមានភាពរឹងមាំនិងភាពធន់កាន់តែខ្លាំងក្លា ដែលមានទីបង្អែកដ៏រឹងមាំក្នុងការឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានចេញផ្សាយរបាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ថា សេដ្ឋកិច្ចរបស់ចិនកំពុងផ្លាស់ប្តូរទៅជារូបមន្តកំណើនថ្មីដែលឆ្ពោះទៅរកគុណភាពកាន់តែខ្ពស់ កាន់តែប្រកបដោយតុល្យភាពនិងប្រកបដោយនិរន្តរភាពជាបណ្តើរៗ ។
អ្វីដែលកាន់តែគួរឱ្យលើកឡើងនោះគឺ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលពោរពេញទៅដោយភាពមិនប្រាកដប្រជា ប្រទេសចិនបានបន្តដើរតួនាទីជា”យុថ្កានៃស្ថិរភាព”និង”ប្រភពកម្លាំងចលករ”សម្រាប់សេដ្ឋកិច្ចពិភពលោក ។ ប្រការនេះមិនត្រឹមតែជាការរួមចំណែកលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញឱ្យឃើញនូវទំនួលខុសត្រូវនិងកាតព្វកិច្ចផងដែរ ។ ប្រទេសចិនបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពនូវ”ភាពមិនប្រាកដប្រជា”ពីខាងក្រៅតាមរយៈ”ភាពប្រាកដប្រជា”នៃការអភិវឌ្ឍរបស់ខ្លួន ។
កម្លាំងចលករអភិវឌ្ឍន៍បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីជំរុញការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងកម្លាំងចលករថ្មីនិងកម្លាំងចលករចាស់ដោយនឹងនរ ។ ចាប់តាំងពីរដ្ឋាភិបាលចិនបានចាប់ផ្តើមធ្វើកំណែទម្រង់ផ្នែករចនាសម្ព័ន្ធផ្គត់ផ្គង់កាលពីឆ្នាំ ២០១៥ មក ផ្នែកផ្គត់ផ្គង់បានប្រែពីការជំរុញដោយកត្តាប្រពៃណីទៅជាការជំរុញដោយការច្នៃប្រឌិតថ្មី បច្ចេកវិទ្យាថ្មីបានជំរុញឱ្យមុខរបរថ្មី ឧស្សាហកម្មថ្មីនិងរូបមន្តថ្មីរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ។ កម្លាំងចលករក្នុងស្រុកបានកើនឡើងយ៉ាងលឿន តាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ការប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ នឹងមានចំនួនប្រហែល ៦៣ ភាគរយ ហើយការប្រើប្រាស់បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនពីមួយថ្ងៃទៅមួយថ្ងៃ ។
ស្របពេលដែលប្រទេសចិនអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបច្នៃប្រឌិតថ្មីដែលនាំឱ្យការអភិវឌ្ឍបែបរួមបញ្ចូលគ្នានៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងផ្នែកឧស្សាហកម្មទទួលបានលទ្ធផលជាផ្លែផ្កា កម្លាំងចលករនិងកម្លាំងរស់រវើកនៃឧស្សាហូបនីយកម្មបែបថ្មីបានកើនឡើងជាបន្តបន្ទាប់ កម្លាំងផលិតកម្មគុណភាពថ្មីទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ប្រទេសចិនសម្រេចបាននូវសមិទ្ធផលជាលក្ខណៈប្រវត្តិសាស្ត្រក្នុងវិស័យច្នៃប្រឌិតថ្មី ។ កាលពីឆ្នាំមុន ថវិកាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅទូទាំងសង្គមចិនបានកើនឡើងជិត ៥០ ភាគរយបើប្រៀបធៀបនឹងចុងសម័យនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ ដែលមានបរិមាណកំណើនបានឈានដល់ ១,២ ទ្រីលានយាន់ប្រាក់ចិន ។ ក្រុមការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពូល ១០០ លើទូទាំងពិភពលោកបានកាន់លំដាប់ទីមួយជាលើកដំបូង ។ សហគ្រាសបច្ចេកវិទ្យាខ្ពស់និងថ្មីមានចំនួនលើសពី ៤៦ ម៉ឺនសហគ្រាស ប្រទេសចិនបានបង្កើត”លើកដំបូង”និង”ទីមួយ”ជាច្រើនលើទូទាំងពិភពលោកក្នុងគ្រប់វិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិចនិងយានអវកាសផ្ទុកមនុស្សជាដើម ។ នៅឆ្នាំ ២០២៤ ចំនួនស្នើសុំប៉ាតង់អន្តរជាតិតាម«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកប៉ាតង់»(PCT)របស់ចិនបានលើសពី ៧ ម៉ឺនច្បាប់ដែលត្រូវជា ១ ភាគ ៤ នៃចំនួនស្នើសុំសរុបនៅទូទាំងពិភពលោក ហើយសន្ទស្សន៍នវានុវត្តន៍សកលរបស់ចិនត្រូវឡើងដល់លេខរៀងទី ១១ ។
ការធ្វើបរិវត្តកម្មបៃតងបានពន្លឿនដោយគ្រប់ជ្រុងជ្រោយដើម្បីជំរុញមនុស្សជាតិនិងធម្មជាតិឱ្យរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក រដ្ឋាភិបាលចិនបាននិងកំពុងដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែលតម្កល់ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាព ភាពបៃតងនិងកាបូនទាបយ៉ាងមុតមាំមិនងាករេ អនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ ក៏ដូចជាធ្វើឱ្យយន្តការអភិវឌ្ឍន៍បៃតងនិងកាបូនទាបមានសុក្រឹតភាពដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ។ សន្ទស្សន៍ធ្វើបរិវត្តកម្មថាមពលដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងខែមិថុនា ឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា បើប្រៀបធៀបនឹងឆ្នាំ ២០២០ ចំណាត់ថ្នាក់របស់ចិនបានឡើងដល់ទី ១២ ។ ចិនបាននិងកំពុងពូនជ្រំនិងអភិវឌ្ឍកម្លាំងផលិតកម្មបៃតងយ៉ាងសកម្មដែលបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីដ៏ធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោក ហើយសមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយវារីអគ្គិសនី ថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យសុទ្ធតែបានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។ គិតមកទល់ចុងខែមិថុនា ឆ្នាំ ២០២៥ ចំនួនរថយន្តថាមពលថ្មីរបស់ចិនបានឈានដល់ ៣៦ លាន ៨៩ ម៉ឺនគ្រឿង ហើយហេដ្ឋារចនាសម្ព័ន្ធទូរសាកថ្មរបស់រថយន្តថាមពលថ្មីមានចំនួនជិត ១៦ លាន ៧០ ម៉ឺនកន្លែងដែលសុទ្ធតែបានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។
កម្រិតបើកទូលាយរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយកម្លាំងឥទ្ធិពលអន្តរជាតិត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។ ចាប់តាំងពីចូលក្នុងយុគសម័យថ្មីមក ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្របើកទូលាយកាន់តែសកម្មនិងម្ចាស់ការ ពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់ដែលបានបង្កើតតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចំនួន ២២ កន្លែងនិងបានកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង ១៥០ ទំហំពាណិជ្ជកម្មទំនិញសរុបបានជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយការកៀរគរទុនបរទេសនិងការវិនិយោគនៅក្រៅប្រទេសសុទ្ធតែឈរនៅលំដាប់ឈានមុខលើពិភពលោក ។ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាផលិតផលសាធារណៈអន្តរជាតិនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលទទួលប្រជាប្រិយភាពខ្លាំង ។ ប្រទេសចិននាពេលបច្ចុប្បន្នកំពុងបោះជំហានទៅមុខលើមាគ៌ានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ សមាមាត្រនៃទំហំសេដ្ឋកិច្ចសរុបក្នុងសេដ្ឋកិច្ចពិភពលោកបានកើនឡើងពី ១១,៣ ភាគរយក្នុងឆ្នាំ ២០១២ ដល់១៧,១ ភាគរយក្នុងឆ្នាំ ២០២៤ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពរបស់ប្រទេសចិនបាននិងកំពុងផ្តល់ឱកាសថ្មីសម្រាប់ប្រទេសកាន់តែច្រើនឡើងៗ ។
សុខុមាលភាពរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់ដើម្បីនាំឱ្យអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គលនិងអារម្មណ៍សុវត្ថិភាពរបស់ប្រជាជនបានកើនឡើងឥតឈប់ឈរ ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក រដ្ឋាភិបាលចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាចម្បង បន្តស្វែងយល់យ៉ាងស៊ីជម្រៅពីជីវភាពរបស់ប្រជាជន ស្តាប់សំឡេងរបស់ប្រជាជននិងក្រេបយកតម្រិះប្រាជ្ញារបស់ប្រជាជនដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរជាបន្តបន្ទាប់ ។ អាយុកាលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនចិនក្នុងឆ្នាំ ២០២៤ បានឈានដល់ ៧៩ ឆ្នាំដែលបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសចំណូលមធ្យមកម្រិតខ្ពស់ចំនួន ៥៣ ។ សន្ទស្សន៍ច្បាប់និងសណ្តាប់ធ្នាប់របស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៤ បង្ហាញឱ្យឃើញថា ពិន្ទុសុវត្ថិភាពរបស់ប្រទេសចិនខ្ពស់ជាងប្រទេសរីកលូតលាស់ដូចជា អាល្លឺម៉ង់ បារាំង ជប៉ុននិងកូរ៉េខាងត្បូងជាដើម ជនជាតិបរទេសជាច្រើនដែលមកទស្សនានៅប្រទេសចិនមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះការនេះ ។
លោក Jeffrey Sachs សាស្ត្រាចារ្យនៃសកលវិទ្យាល័យកូឡុំប៊ីដែលមកប្រទេសចិនតាមពេលកំណត់ជាច្រើនលើកក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងទៅដើម្បីសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ចចិនបានផ្តល់បទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធសារព័ត៌មានចិននាពេលថ្មីៗកន្លងទៅនេះថា ខ្ញុំបានមើលឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ចិន គិតត្រឹមបច្ចុប្បន្ន មានរយៈពេល ៤៤ ឆ្នាំហើយ ។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងទៅនេះ ខ្ញុំបានសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចចិនជាប់រហូតមក ។ ខ្ញុំមានសហការី កូនសិស្សនិងមិត្តភក្តិជាច្រើននាក់នៅប្រទេសចិន ហើយបានចូលរួមគម្រោងជាច្រើនផងដែរ ។ ដូច្នេះ ជំនឿចិត្តរបស់ខ្ញុំចំពោះចិន គឺ កើតចេញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះប្រទេសចិន៖ខ្ញុំមើលឃើញដំណើរអភិវឌ្ឍន៍របស់ចិនដោយផ្ទាល់ភ្នែក ចូលរួមការងារវិភាគនិងសិក្សាសិក្សាស្រាវជ្រាវចំពោះការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ចិន មើលឃើញពីភាពរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។ ប្រការទាំងនេះសុទ្ធតែជារឿងដែលខ្ញុំបានមើលឃើញដោយផ្ទាល់ភ្នែក ការអភិវឌ្ឍរបស់ចិនលើសពីការប៉ាន់ប្រមាណនៅពេលនោះ សុទិដ្ឋិនិយមរបស់ខ្ញុំ គឺ ផ្អែកលើបទពិសោធអនុវត្តដ៏ជាក់ស្តែងនិងការវិភាគប្រកបដោយវិជ្ជាជីវៈ ។
អាចប៉ាន់ប្រមាណថា ស្របពេលដែលបញ្ចប់ដោយគាប់ប្រសើរនូវការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិតនឹងចាប់ផ្តើមដំណើរជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ចិនប្រាកដជានឹងវិវឌ្ឍរីកចម្រើនទៅមុខលើមូលដ្ឋានអភិវឌ្ឍន៍បច្ចុប្បន្ននិងផ្តោតលើគោលដៅសម្រេចបានជាមូលដ្ឋាននូវទំនើបភាវូបនីយកម្មសង្គមនិយមនៅឆ្នាំ ២០៣៥ ដើម្បីសម្រេចបាននូវសមិទ្ធផលកាន់តែធំនិងថ្មីៗឥតឈប់ឈរ ៕




