ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ខណដែលការប្រកាសជ័យលាភីជាផ្លូវការត្រូវបានធ្វើទ្បើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Dr. Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

សូមជម្រាបថា ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបញ្ជាក់នាឱកាសនោះថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត និងអំពៅ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទាំងអស់នេះគឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្ត ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកទ្បើងផងដែរថា ការប្រកាសជ័យលាភី “ ក្រុងច្បារមន ជាទីក្រុងទេសចរណ៍គ្នានផ្សែងបារី” នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់សកម្មភាពទាំងអស់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន លើកកម្ពស់សុខភាព និងសុខមាលភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរណ៍ ក៏ដូចជាការបង្កើនភាពទាក់ទាញដល់វិស័យទេសរណ៍។

ឯកឧត្តមបញ្ជាក់បន្ថែមថា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ខណ្ឌនៅតាមបណ្តារាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រតិបត្តិជាគំរូ និងមានមូលដ្ឋានអាជីវកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពី “ការត្រួតពិនិត្យផលិតផលថ្នាំជក់” និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា៕






