(ភ្នំពេញ) ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវ Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។

សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើម របស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។
សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

សម្ដេចតេជោ បានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាម៉េរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។(AKP)
