ទេសរដ្ឋមន្រ្តី ថោង ខុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដោយមានការប្រគល់ភារកិច្ចពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ, នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារជំរុញចលនាគ្រូបង្រៀននៅខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) នៅខេត្តកំពង់ធំ។

ពិធីនេះក៏មានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លេខាធិការដ្ឋាន គ.វ.អ., អភិបាលរងខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុងស្រុក, ការិយាល័យអប់រំស្រុក, នាយកសាលា លោកគ្រូ អ្នកគ្រូ ប្រមាណជិត ៣០០នាក់។

នាឱកាសនោះដែរបន្ទាប់ពីបានពិភាក្សា និងចែករំលែកបទពិសោធន៍ការងារ គ.វ.អ. រួចមកលោក ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការកែទម្រង់វិស័យអប់រំ សំដៅដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងពង្រីកកាលានុវត្តភាពសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព។ សម្តេចបវរធិបតី បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ហៅកាត់ថា (គ.វ.អ.) ដែលមានសម្តេចបវរធិបតី ជាប្រធាន និងមានលេខាធិការដ្ឋានមួយជាសេនាធិការ ។

គ.វ.អ. មានភារកិច្ចដឹកនាំអនុវត្តវិធានការគន្លឹះ ០៤ រួមមាន (១ ការពង្រឹងអភិបាលកិច្ចសាលារៀន, (២)ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថ និងការបង្រៀនបន្ថែមម៉ោង, (៣) ការយកចិត្តទុកដាក់លើសុខភាពសិស្ស និង (៤) ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់សហគមន៍ នៅតាមសាលាបឋមសិក្សាគោលដៅដែលត្រូវបានជ្រើសរើស និងយល់ព្រមដោយស្ម័គ្រចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។

លោក ថោង ខុន ក៏បានបញ្ជាក់ជូនថា ដើម្បីអនុវត្តវិធានការគន្លឹះ គ.វ.អ.ឱ្យបានជោគជ័យ គឺត្រូវមានវិធីសាស្រ្ត ០៥ មាបដូចជា ១-ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ, ២-ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃយន្តការអនុវត្ត, ៣-ការពង្រឹងគុណភាព និងសមត្ថភាពគ្រូបង្រៀន, ៤-ការពង្រឹងគុណភាព និងសមត្ថភាពនាយកសាលា, ៥-យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ)។

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ សាលាគោលដៅ គ.វ.អ. ចំនួន ១៦១ នៅទូទាំងប្រទេសកំពុងអនុវត្តវិធានការគន្លឹះនេះ និងទទួលបានការគាំទ្រពីគណៈគ្រប់គ្រងសាលា គ្រូ សិស្ស ឳពុកម្តាយ សហគមន៍ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់គ្រូបង្រៀនជិត ០៤ពាន់នាក់ លើការឧបត្ថម្ភលើកទឹក ចិត្តប្រាក់ម៉ោងបន្ថែម ព្រមទាំងសិស្សប្រមាណ ១០ម៉ឺននាក់ បានរៀនបន្ថែម ០២ម៉ោង ជារៀងរាល់ថ្ងៃ ដោយពុំចាំបាច់បង់ប្រាក់ ដើម្បីបង្កើនចំណេះដឹង កែប្រែវិន័យ សីលធម៌ និងឥរិយាបថកាន់តែប្រសើរ។ សម្រាប់ខេត្តកំពង់ធំ សាលាបឋមសិក្សាដែលកំពុងអនុវត្តវិធានការគន្លឹះ គ.វ.អ. មានចំនួន ០៧សាលា និងសាលាដែលស្ម័គ្រចិត្ត និងត្រៀមលក្ខណៈអនុវត្តវិធានការគន្លឹះ គ.វ.អ. មានចំនួន ២៧សាលា។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់ទៀតថា អង្គប្រជុំបានកត់សំគាល់ឃើញមានបញ្ហាប្រឈមមួយចំនួន និងតម្រូវការចាំបាច់ចំពោះការអនុវត្តវិធានការគន្លឹះ គ.វ.អ. នៅតាមសាលាគោលដៅ គ.វ.អ. ហើយលោកក៏បានណែនាំឱ្យតំណាងក្រសួងអប់រំ យុវជន និងកីឡា, លេខាធិការដ្ឋាន គ.វ.អ., រដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត និងភាគីពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ទាំងនេះឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះយកចិត្តទុកដាក់ធ្វើការអប់រំ និងពង្រឹងគោលជំហរដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សនៅតាមសាលាគោលដៅ គ.វ.អ. ឱ្យយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចូល គ.វ.អ., មានភាពកក់ក្តៅ ជឿជាក់, ទុកចិត្ត, គាំទ្រ និងស្ម័គ្រចិត្តអនុវត្តវិធានការគន្លឹះ គ.វ.អ. ទាំងអស់គ្នា នៅឆ្នាំ២០២៥-២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕

Written by 

Related posts

Leave a Comment