កងទ័ពជើងគោករបស់ប្រទេសឥណ្ឌា បានលើកឡើងថា ប្រទេសប៉ាគីស្ថាន បើកការបាញ់ប្រហារដោយមិនក្រែងចិត្តខ្លួននោះទេ នៅតាមខ្សែបន្ទាត់នៃការគ្រប់គ្រងនៅក្នុងទឹកដីសហភាពរបស់ឥណ្ឌានៃ Jammu និង Kashmir កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារ ANI បានដកស្រង់សំដីយោធាឥណ្ឌាថា ពេញមួយយប់ កាលពីថ្ងៃពុធ ប៉ុស្តិ៍កងទ័ពប៉ាគីស្ថាន បើកការបាញ់ប្រហារដោយអាវុធ និងកាំភ្លើងធំនៅតាមបន្ទាត់នៃការគ្រប់គ្រងទាំងមូលនៅជិត Kupwara, Baramulla, Uri និង Akhnoor នៅ Jammu និង Kashmir ដោយបន្ថែមថា កងទ័ពដីឥណ្ឌា បានបាញ់តបតវិញផងដែរ។
ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន បានតានតឹងបន្ទាប់ពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam (ទឹកដីសហភាពឥណ្ឌានៃ Jammu និង Kashmir) ដែលសម្លាប់ជនជាតិឥណ្ឌា ២៥ នាក់ និងនេប៉ាល់ម្នាក់។
ទន្ទឹមនោះ ប្រទេសឥណ្ឌា អះអាងថា ខ្លួនមានភ័ស្តុតាងដែលថា ISI (Inter-Services Intelligence) របស់ប្រទេសប៉ាគីស្ថាន មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលធ្វើឡើងដោយក្រុម Lashkar-e-Taiba នេះ។ ទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់សម្ពាធគ្នាទៅវិញទៅមកលើបុគ្គលិកការទូត ផ្អាកកិច្ចព្រមព្រៀងទ្វេភាគី និងបិទដែនអាកាសរបស់ពួកគេសម្រាប់ការហោះហើររបស់គ្នាទៅវិញទៅមក ផងដែរ។
គួរបញ្ជាក់ថា ស្ថានការណ៍កាន់តែតានតឹងឡើង កាលពីព្រឹកព្រលឹមថ្ងៃទី ៧ ឧសភា នៅពេលដែលកងកម្លាំងប្រដាប់អាវុធឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការ Sindoor ដោយផ្តោតលើទីតាំងចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ក្រោមការគ្រប់គ្រងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលទីក្រុងញូវដែលីអះអាងថាជាជម្រកភេរវករ។ យោងតាមប្រភព NDTV ភេរវករជាង ៧០ នាក់ស្លាប់ និងជាង ៦០ នាក់រងរបួស។ យោងតាមកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន មនុស្សចំនួន ២៦ នាក់ស្លាប់ និង ៤៦ នាក់រងរបួស។ ជាការឆ្លើយតប ប៉ាគីស្ថាន បានបិទដែនអាកាសរបស់ខ្លួនរយៈពេល ៤៨ ម៉ោង និងបានសងសឹកវិញ។ ជាលទ្ធផល មនុស្ស ១៥នាក់ស្លាប់ និង ៤៨ នាក់ រងរបួសនៅបន្ទាត់នៃការគ្រប់គ្រងនៅក្នុងទឹកដីសហភាពឥណ្ឌានៃ Jammu និង Kashmir ៕

ដោយ៖ ពេជ្រ