ក្រុមយក្សទួរគី Galatasaray បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ដែលមានបទពិសោធន៍ Ilkay Gundogan ពី Manchester City លើការផ្ទេរដោយគ្មានតម្លៃខ្លួន។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៦-២៧ ជាមួយនឹងក្រុមជើងឯកទួរគី។ Gundogan នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យានៅ City ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចាកចេញជាមួយនឹងទីផ្សារដោះដូរកីឡាកររបស់ប្រទេសទួរគីបើករហូតដល់ថ្ងៃទី ១២ ខែកញ្ញា។
Gundogan ដែលបានលេង ៣៥៨ ប្រកួតឱ្យ Man City ដោយស៊ុតបញ្ចូលទីបាន ៦៥ គ្រាប់បាននិយាយថា ” ទោះខ្ញុំចាកចេញ តែ Manchester City នៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច” ។
សូមជម្រាបថា Gundogan បានចុះហត្ថលេខាដំបូងជាមួយ Man City ក្នុងឆ្នាំ ២០១៦ ហើយបានចំណាយពេល ៧ ឆ្នាំនៅទីនោះ មុនពេលចូលរួមជាមួយ Barcelona ក្នុងការផ្ទេរដោយគ្មានតម្លៃនៅឆ្នាំ ២០២៣ ហើយ គាត់បានចូលរួមជាមួយ Man City វិញក្នុងខែសីហា ឆ្នាំ ២០២៤ និងបានបង្ហាញខ្លួន ៣៣ប្រកួតនៅ Premier League កាលពីរដូវកាលមុន៕
