ឯកឧត្តមអគ្គលេខាធិការ UN ទទួលយកសំណើ សម្តេចធិបតី  ក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ

(ធានជីន) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសៀងហៃ បូក ដែលប្រារព្ធធ្វើនៅទីក្រុងធានជីន។

ក្នុងឱកាសនោះឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕(AKP)

Written by 

Related posts

Leave a Comment