ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ជនជាតិរុស្ស៊ីគួរតែជៀសវាងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដោយព្រមានថាពួកគេអាចត្រូវបាន តាមប្រមាញ់ ដោយអាជ្ញាធរអាមេរិកសម្រាប់ហេតុផលនយោបាយ រហូតនឹងប្រឈមការចាប់ខ្លួនដោយហេតុផលនយោបាយ។
តាមក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកបង្ក “ហានិភ័យធ្ងន់ធ្ងរ” ដោយសារ “ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក”។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយបែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ។
លោកស្រីបាននិយាយថា ជនជាតិរុស្ស៊ីកាន់តែច្រើនកំពុងត្រូវបាន “តាមប្រមាញ់ដោយអាជ្ញាធរអាមេរិក ជាពិសេសដោយសេវាកម្មសម្ងាត់” ដោយទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ “គម្រោងក្លែងបន្លំ” ដើម្បីទាក់ទាញជនជាតិរុស្ស៊ីនៅក្រៅប្រទេសដើម្បីកាត់ទោសពួកគេសម្រាប់ “ហេតុផលនយោបាយ”។
លោកស្រី Zakharova បាននិយាយថា សម្រាប់ថ្ងៃឈប់សម្រាកនាពេលខាងមុខ និងលើសពីនេះ យើងណែនាំយ៉ាងម៉ឺងម៉ាត់ពលរដ្ឋរុស្ស៊ីគួរតែ ឬត្រូវតែជៀសវាងការធ្វើដំណើរទស្សនកិច្ចដោយមិនចាំបាច់ទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ជាពិសេសកាណាដា និងជាករណីលើកលែងដ៏កម្រ បណ្តាប្រទេសនៃសហភាពអឺរ៉ុប។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ពេលស្នាក់នៅបរទេស អ្នកគួរជៀសវាងស្ថានការណ៍ដែលអ្នកអាចក្លាយជាជនរងគ្រោះនៃការញុះញង់ ហើយត្រូវឃុំខ្លួនក្រោមលេសថាបំពានច្បាប់ក្នុងស្រុក។ លោកស្រីZakharova ក៏បានជំរុញឱ្យពលរដ្ឋរុស្ស៊ីពិចារណាអំពីឧប្បត្តិហេតុសោកនាដកម្មដែលមានសក្តានុពលនៅលើដីបរទេស នៅពេលគ្រោងធ្វើដំណើរទៅក្រៅប្រទេស ដោយអះអាងថា ប្រព័ន្ធយុត្តិធម៌អាមេរិក មិនទុកកន្លែងសម្រាប់ការកាត់ក្ដីដោយយុត្តិធម៌នោះទេ។
សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅជនជាតិរុស្ស៊ីជាច្រើននាក់ជុំវិញជម្លោះនៅអ៊ុយក្រែន ដែលនាំឱ្យមានភាពតានតឹងមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។ សូម្បីតែមុនពេលជម្លោះផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនជាញឹកញាប់ថាបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌របស់ខ្លួនដើម្បីឃុំខ្លួន និងដាក់គុកជនជាតិរុស្សី លើបទចោទប្រកាន់ដែលបង្កឡើងដោយហេតុផលនយោបាយ។
ករណីដ៏ល្បីល្បាញរួមមានការកាត់ទោសពាណិជ្ជករ Viktor Bout និងអ្នកបើកយន្តហោះ Konstantin Yaroshenko ដែលត្រូវបានដោះលែងក្នុងអំឡុងពេលផ្លាស់ប្តូរអ្នកទោសក្នុងឆ្នាំ ២០២២ កន្លងទៅជាភស្តុតាងស្រាប់។ ឧប្បត្តិហេតុដ៏ល្បីមួយទៀតគឺពាក់ព័ន្ធនឹងសកម្មជននិងអ្នកកាសែត Maria Butina ដែលត្រូវបានកាត់ទោសពីបទខកខានក្នុងការចុះឈ្មោះជាភ្នាក់ងារបរទេសនៅសហរដ្ឋអាមេរិក និង ត្រូវបាននិរទេសទៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ បន្ទាប់ពីចំណាយពេលជិត ១២០ ថ្ងៃនៅពីក្រោយការឃុំខ្លួន។
ពលរដ្ឋរុស្ស៊ីជាច្រើននាក់ទៀត ដែលជាផ្នែកមួយនៃការដោះដូរអ្នកទោសធំចុងក្រោយនៅក្នុងខែសីហា ដើមឡើយត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកពីបណ្តាប្រទេសអឺរ៉ុប។ លោក Vadim Konoshchenok ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្តូនីតាមដីការបស់សហរដ្ឋអាមេរិក ខណៈដែលលោក Vladislav Klyushin ត្រូវបានធ្វើបត្យាប័នពីប្រទេសស្វីសក្នុងឆ្នាំ ២០២១។
ការផ្លាស់ប្តូរអ្នកទោសក្នុងខែសីហាក៏បានរួមបញ្ចូលអ្នកយកព័ត៌មាន Wall Street Journal Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលអ្នកទាំងពីរត្រូវបានកាត់ទោសពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី៕
ដោយ៖ ពេជ្រ