ខេត្តរតនគិរី៖ អនុប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរោងចក្រ ហ្គ័រស៊ីង នែលជ្រលផ្លាយវូត ឯ.ក ដែលជារោងចក្រផលិតអុសចន្ទី និងអុសកៅស៊ូ ស្ថិតក្នុងភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ ក្រោយរោងចក្រនេះ បានជីកប្រឡាយនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៧៨ បង្ហូរទឹកកខ្វក់ចេញមកខាងក្រៅក្នុងរោងចក្របង្កការប៉ះពាល់ដល់បរិស្ថាន។

ម្ចាស់រោងចក្រនេះបានហ៊ានជីកប្រឡាយក្បែរចិញ្ចើមផ្លូវជាតិលេខ៧៨ ដើម្បីបង្ហូរទឹកកខ្វក់ចេញមកខាងក្រៅថែមទៀតផង។ នៅពេលមានភ្លៀងធ្លាក់ខ្លាំងទឹកកខ្វក់បានហូរលើកំណាត់ផ្លូវជាតិលេខ៧៨ នាំមកជាមួយជ័រអុសចន្ទី ជ័រអុសកៅស៊ូ និងលាយជាមួយប្រេងម៉ាស៊ីន ចេញពីក្នុងរោងចក្រមានពណ៌ខ្មៅ បណ្តាលឲ្យមានអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូរអិលដួល ថែមទាំងពិបាកក្នុងការធ្វើដំណើរថែមទៀតផង។
លោក ព្រីន សំបូរ អនុប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី៣១កក្កដា ថា បន្ទាប់ពីបានចុះត្រួតពិនិត្យ និងសិក្សារួចមក ក្រុមការងារបានធ្វើការណែនាំដល់រោងចក្រ ឲ្យអនុវត្តនូវការងារមួយចំនួន រួមមាន:

១-ត្រូវរៀបចំប្រព័ន្ធបញ្ជៀសទឹកដែលចេញពីក្នុងរោងចក្រ មិនឲ្យហូរចូលលូសាធារណៈ, ២-ត្រូវប្រមូលកាកសំណល់កម្ទេចឈើ យកទៅទុកនៅខាងក្រោយរោងចក្រ ព្រមទាំងរៀបចំសោភ័ណភាពនៅខាងមុខឲ្យបានស្អាត, ៣-ត្រូវកាយ រៀបចំលូរំដោះទឹកឲ្យបានស្អាត និងរឹងមាំ, ត្រូវជីកប្រឡាយរំដោះទឹកភ្លៀងនៅក្នុងបរិវេណរោងចក្រ មិនអនុញ្ញាតិឲ្យធ្វើនៅខាងក្រៅរបងនោះឡើយ ព្រោះជាដីសាធារណៈរបស់រដ្ឋ, ៥-ត្រូវណែនាំអ្នកបើកបរឲ្យគ្របឡាន ពេលដឹកឈើ ឫកម្ទេចកាកសំណល់ដើម្បីការពារការហ៊ុយឫធ្លាក់ជ្រុះនៅលើដងផ្លូវ និង ៦-ក្រុមហ៊ុនត្រូវរ៉ាប់រងការចំណាយក្នុងការយកសំណាកទឹកទៅពិសោធន៍នៅក្រសួងបរិស្ថាន ដើម្បីបញ្ជាក់ភាពវិជ្ជមាន ឫអវិជ្ជមានចំពោះសំណល់រាវ(លាយទឹកភ្លៀង)ដែលហូរចេញទៅលើដងផ្លូវ។

លោក ព្រីន សំបូរ អនុប្រធានមន្ទីរបរិស្ថាន ក៏បានណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការទំនាក់ទំនងឲ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្នើសុំលិខិតអនុញ្ញាត ក៏ដូចជាការស្នើសុំធ្វើការវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន។
ពាក់ព័ន្ធបញ្ហាខាងលើនេះ តំណាងរោងចក្រ បានព្រមព្រៀងរៀបចំប្រព័ន្ធបញ្ជៀសទឹកឲ្យរួចរាល់ក្នុងរយៈពេល៣ថ្ងៃ ព្រមទាំងសន្យា និងបន្តការសហការជាមួយរដ្ឋបាលឃុំ រដ្ឋបាលស្រុកអូរជុំ និងមន្ត្រីនៃមន្ទីរបរិស្ថាន ក្នុងការអនុវត្តការងារ ជាពិសេស និងធ្វើការប្រមូលកាកសំណល់ កម្ទេចឈើ យកទៅទុកនៅខាងក្រោយរោងចក្រក្នុងរយៈពេល១០ថ្ងៃ៕



