សន្និសីទអន្តរជាតិស្តីពីសមាហរណកម្មរវាង​ឧស្សាហកម្ម​ និង​ការ​អប់រំក្នុងបរិបទ​ការអប់រំ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈអាស៊ាន

ទីក្រុង​ហាង​ចូវ​​៖ ថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ បាន​អញ្ជេីញ​ផ្តល់​សុន្ទរកថា​ស្វាគមន៍​ ក្នុង​សន្និសីទអន្តរជាតិស្តីពីសមាហរណកម្មរវាង​ឧស្សាហកម្ម​ និង​ការ​អប់រំក្នុងបរិបទ​ការអប់រំ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈអាស៊ាន​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​លោក​ លោកស្រី​ តំណាង​អង្គទូត​ សាកលវិទ្យាធិការ​ ភ្ញៀវកិត្តិយស​អន្តរជាតិ​ ជាច្រើន​រូប។

មាន​ប្រសាសន៍ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​បណ្ឌិត​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិនសម្រាប់មិត្តភាពដ៏រឹងមាំយូរអង្វែង និងការបន្តគាំទ្រដំណើរវិវត្តន៍ដ៏វែងឆ្ងាយនៃវិស័យអប់រំនៅកម្ពុជា។​ ការផ្លាស់ប្តូរវិជ្ជាជីវៈ ការចែករំលែកធនធានឌីជីថល កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន មិនត្រឹមតែពង្រឹងការអប់រំប៉ុណ្ណោះទេ ថែមទាំងក្លាយជានិមិត្តរូបនៃភាពជឿជាក់ និងអនាគតរួមគ្នារវាងប្រទេសចិន និងអាស៊ានផងដែរ។

ប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅចំណុចរបត់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់ទី១ ដែលផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដែលរួមបញ្ចូលការពង្រឹងជំនាញវិជ្ជាជីវៈ និងឌីជីថល។​ ការអប់រំ​ជាកម្លាំងបម្លែងយុវជនឱ្យទៅជាធនធានប្រកបដោយសក្តានុពល ជាអ្នកច្នៃប្រឌិត ជាអ្នកដឹកនាំ និងបម្លែងបញ្ហាប្រឈមទៅជាឱកាស ហើយអនាគតគឺជារបស់បុគ្គលដែលអាចមានសមត្ថភាពចេះសម្របខ្លួន បង្កើតឱកាស និងសហការ។ កត្តានេះហើយដែលជំរុញឱ្យកម្ពុជាហ៊ានធ្វើកំណែទម្រង់យ៉ាងសកម្មលើការអប់រំឌីជីថល តាមរយៈការលើកកម្ពស់ការសរសេរកូដ មនុស្សយន្ត (coding and robotics) ទៅក្នុងសាលារៀន ការសាងសង់ថ្នាក់រៀនឌីជីថល និងការបណ្តុះបណ្តាលគ្រូ ព្រមទាំងការពង្រីក និងពង្រឹងការអនុវត្តគន្លងវិជ្ជាជីវៈនៅតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា។

បេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺធានាឱ្យបាននូវការផ្តល់ឱកាសឱ្យយុវជនកម្ពុជាគ្រប់រូបទទួលបានជំនាញ និងទំនុកចិត្តលើខ្លួនឯង ដើម្បីរីកចម្រើននៅក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របទៅនឹងខ្លឹមសារនៃសន្និសីទ នាឱកាសនេះ។ ការបង្កើតសហគមន៍សមាហរណកម្មវិស័យអប់រំ-ឧស្សាហកម្មឌីជីថលចិន-អាស៊ាន មិនត្រឹមតែជាវេទិកាមួយប៉ុណ្ណោះទេ វាគឺជាស្ពាននៃក្តីសង្ឃឹម ផ្សារភ្ជាប់ប្រទេសជាតិ រួមបញ្ជូលប្រាជ្ញា និងបណ្តុះបណ្តាលទេពកោសល្យសម្រាប់អនាគត។

ជាមួយគ្នា​នេះ​ កម្ពុជាបានមើលឃើញគន្លងជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការទៅលេី៖

-ការចែករំលែកចំណេះដឹង និងធនធានឌីជីថល​សម្រាប់ការអប់រំវិជ្ជាជីវៈចិន-អាស៊ាន ដែលធានានូវលទ្ធភាពទទួលបានការអប់រំដ៏ទំនើប

-ការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីជំរុញឧត្តមភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀន និងយុវជនដែលមានជំនាញ ចូលរួមក្នុងការប្រកួតប្រជែងឌីជីថលអន្តរជាតិ

-ភាពជាដៃគូជាមួយឧស្សាហកម្មឱ្យកាន់តែស៊ីជម្រៅ ការបង្កើតសួនបណ្តុះបណ្តាល និងគម្រោងរួមគ្នារវាងសាលារៀន និងសហគ្រាស នៅក្នុងផ្នែកដូចជា អេឡិចត្រូនិក​ មេកាត្រូនិក បដិសណ្ឋារកិច្ច និងកសិកម្មឧស្សាហកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងតម្រូវការទីផ្សារ

-ភាពជាដៃគូរវាងប្រទេសចិន និងសហគមន៍អាស៊ាន ក្នុងការធ្វើសមាហរណកម្មរវាង​ឧស្សាហកម្ម​ និង​ការ​អប់រំ ក្នុងបរិបទ​ការអប់រំ​វិជ្ជាជីវៈ៕

Written by 

Related posts

Leave a Comment