នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ យាង និមន្ត និងអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់ជនភៀសសឹក នៅព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ មានព្រះរាជបន្ទូលសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យព្រួយបារម្ភចំពោះ ប្រជាពលរដ្ឋភៀសសឹកទាំងអស់ និងបានមានព្រះរាជបន្ទូលផ្តាំផ្ញើរថា៖
១. សូមពុទ្ធបរិស័ទជឿទុកចិត្តរាជរដ្ឋាភិបាល
២. សូមមានភាពនឹងន កុំតក់ស្លុតភិតភ័យ
៣. សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងមានអនាម័យ។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនជនភៀសសឹកទាំងអស់ដោយក្តីនឹករលឹក។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ ផ្ដាំផ្ញើដល់បងប្អូនជនភៀសសឹកទាំងអស់ សូមរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពី គេហដ្ឋាន ភូមិស្រុក បងប្អូនគឺជាការលះបង់ចាំបាច់មួយ ដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។

ឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ ឯកឧត្តមសូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបញ្ចប់ជម្លោះ តាមរយៈកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដាតទៅ។
តមកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម ចាយបូរិន និងលោកជំទាវ បានបន្តអញ្ជើញអមព្រះរាជដំណើរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងនិងអញ្ជើញ សួរសុខទុក្ខនិងប្រគល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ សល់កងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

និងយាងនិងអញ្ជើញបន្តព្រះរាជដំណើរ ប្រគល់អំណោយ ជូនដល់បងប្អូនជនភៀសសឹក ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ ដោយមានការអញើញអមដំណើរដោយ ឯកឧត្តម សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ។
ក្នុងឱកាសសួរសុខទុក្ខ និងចែកជូន ថវិកានិងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឯកឧត្កម ចាយ បូរិន បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូន មានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចឈរជើងនៅតាមក្រវាត់ព្រំដែន ហើយយើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន។





