អភិបាលរងខេត្តកំពង់់ចាម លោក ហេង វណ្ណនី បានថ្លែងបញ្ជាក់ថា នាបច្ចុប្បន្ននេះ លោកសង្កេតឃើញមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤ ដែលកំពុងបោះទីតាំង និងធ្វើប្រតិបត្តិការ អាជីវកម្មផ្តល់សេវាធានារ៉ាប់រងដោយផ្ទាល់ក្នុងទឹកដីខេត្តកំពង់ចាម។ ការថ្លែងបែបនោះធ្វើទ្បើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង”ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នៅខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ផ្តើមពីនោះលោកអភិបាលរងខេត្តបានលើកទ្បើងបន្តថា ឆ្លើយតបនឹងសក្តានុពលនៃកំណើនវិស័យ កសិកម្ម សេវាកម្ម និងឧស្សាហកម្ម ព្រមទាំងតាងនាមគណៈអភិបាលខេត្តកំពង់ចាម សូមលើកទឹកចិត្ត និង សំណូមពរដល់ និយ័តករធានារ៉ាប់រងកម្ពុជា ធ្វើយ៉ាងណាជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានា- រ៉ាប់រងបន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម សំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងនៅជ្រុងម្ខាងទៀត រួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អ ប្រសើរ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ។

លោក ហេង វណ្ណនី ក៏បានសម្តែងនូវសេចក្តីសោមនស្ស រីករាយ និងអរគុណចំពោះលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានជ្រើសរើសយកខេត្តកំពង់ចាម ជាទីតាំងសម្រាប់រៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការ ធានារ៉ាប់រង” ជូនដល់សាធារណជន ក៏ដូចជាសិស្សានុសិស្ស និងនិស្សិតក្នុងខេត្តកំពង់ចាម។
លោកថា សិក្ខាសាលានេះ ជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវពុទ្ធិពាក់ព័ន្ធការធានារ៉ាប់រងដែលជា សមាសភាគសំខាន់មួយរួម ចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ ស្របតាម “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” របស់ រាជរដ្ឋាភិបាលម្ពុជា៕




