រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានកត់សម្គាល់ អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គព្រះមហាក្សត្រ។
ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជននិងប្រជាជន។
ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែន តំដែនកម្ពុជា-ថៃ និងសូមកុំប្រើការ កាត់តរូបភាព និងខ្លឹមសារ ដែលមិនពិតមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រជាដើម។
ក្រសួងព័ត៌មានសូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញ សង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវនិងជំហរដោះស្រាយជម្លោះ របស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ៕
