តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។
ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះ ហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថា នឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។
ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។ “Don’t Thai to me !”




