​បទវិភាគ៖តំបន់ពាណិជ្ជកម្មសេរីខេត្ត Hainan ចាប់ដំណើរការនូវប្រតិបត្តិការគយឯករាជ្យ ដើម្បីបង្កើតជាតំបន់ពេញនិយមថ្មីសម្រាប់បើកទូលាយចំពោះអន្តរជាតិនៃឧស្សាហកម្មសេវាកម្ម

កាលពីថ្ងៃទី២៣ខែកក្កដា កិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan របស់ចិនទទួលបានការវិវឌ្ឍដ៏សំខាន់ ពោលគឺ រដ្ឋាភិបាលចិនប្រកាសថា កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan នឹងចាប់ដំណើរការជាផ្លូវការនូវប្រតិបត្តិការគយឯករាជ្យនៅកោះទាំងមូលចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំនេះតទៅ ។ “ក្នុងកោះ Hainan អាចទទួលការអនុគ្រោះពីគោលនយោបាយពន្ធសូន្យ” “ខេត្ត Hainan នឹងមានការប្រាស្រ័យទាក់ទងកាន់តែសេរីនិងកាន់តែរលូនជាមួយអន្តរជាតិ”។ល។ មតិអន្តរជាតិបានយល់ឃើញថា នេះជាវិធានការជានិមិត្តសញ្ញានៃការពង្រីកការបើកទូលាយថែមមួយកម្រិតទៀតរបស់ចិន វាមិនត្រឹមតែនឹងជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវកាលានុវត្តភាពដល់ពិភពលោកផងដែរ ។

 គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការគយឯករាជ្យនៅលើកោះទាំងមូលមិនមែនជា“ការបិទខ្ទប់កោះ”ទេ តែគឺប្រើស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងខេត្ត Hainan និងអន្តរជាតិមានភាពកាន់តែរលូននិងកាន់តែសេរី ក៏ដូចជាធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងHainanនិងចិនដីគោកកាន់តែមានភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ ។ បន្ទាប់ពីអនុវត្តប្រតិបត្តិការគយឯករាជ្យ កោះ Hainan ទាំងមូលនឹងក្លាយជាតំបន់ពិសេសដែលទទួលការត្រួតពិនិត្យពីគយចិន ដែលអនុវត្តគោលនយោបាយនិងរបបកាន់តែសេរីនិងងាយស្រួល ការអនុវត្តប្រតិបត្តិការគយឯករាជ្យសំខាន់បានបង្ហាញនៅត្រង់៤វិស័យ ពោលគឺគោលនយោបាយយក “ពន្ធសូន្យ”លើទំនិញដែលកាន់តែអនុគ្រោះ វិធានការគ្រប់គ្រងពាណិជ្ជកម្មដែលកាន់តែធូររលុង វិធានការទៅមកដែលមានភាពកាន់តែងាយស្រួល និងរូបមន្តត្រួតពិនិត្យដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ ។

សូមយកគោលនយោបាយ “ពន្ធសូន្យ”ជាឧទាហរណ៍ ។ បន្ទាប់ពីអនុវត្តគោលនយោបាយស្តីពីប្រតិបត្តិការគយឯករាជ្យនៅលើកោះ Hainan ទាំងមូល ក្របខ័ណ្ឌទំនិញ “ពន្ធសូន្យ”នឹងពង្រីកពីចំនួន១៩០០មុខនាពេលបច្ចុប្បន្នទៅដល់ប្រហែល៦៦០០មុខ ដែលប្រហែលត្រូវជា៧៤ភាគរយនៃប្រភេទទំនិញទាំងអស់ ។ នេះនឹងកាត់បន្ថយយ៉ាងខ្លាំងនូវថ្លៃដើមនៃការនាំចូលនិងបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ ដើម្បីនាំមកនូវភាគលាភដល់អ្នកប្រើប្រាស់និងតួអង្គសំខាន់ៗក្នុងទីផ្សារ ។ ការអនុវត្តវិធានការគ្រប់គ្រងពាណិជ្ជកម្មដែលកាន់តែធូររលុងនិងវិធានការទៅមកដែលមានភាពកាន់តែងាយស្រួល គឺមានន័យថា នឹងធ្វើការកែសម្រួលចំពោះបញ្ជីទំនិញនាំចូលនាពេលបច្ចុប្បន្ន ហើយភាពចល័តនៃទំនិញ បុគ្គលិកនិងប្រាក់ទុននឹងមានភាពកាន់តែសេរីនិងកាន់តែងាយស្រួល ។ រីឯការអនុវត្តរូបមន្តត្រួតពិនិត្យដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ គឺមានន័យថា នឹងធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងដោយចំគោលដៅដែលមានការធ្វើអន្តរគមន៍កម្រិតទាបនិងប្រសិទ្ធភាពខ្ពស់ចំពោះទំនិញ “ពន្ធសូន្យ”និងការបន្ធូរវិធានការគ្រប់គ្រងពាណិជ្ជកម្មជាដើម ដើម្បីធានាឱ្យគោលនយោបាយបើកទូលាយគ្រប់ផ្នែកត្រូវបានអនុវត្តដោយនឹងនរ ។

ស្របពេលដែលជិតនឹងអនុវត្តគោលនយោបាយស្តីពីប្រតិបត្តិការគយឯករាជ្យ ខេត្តHainan កំពុងទាក់ទាញទុនបរទេសកាន់តែច្រើន ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១សែន២ពាន់៥រយលានយាន់ប្រាក់ចិន គិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង១៤,៦ភាគរយ ។ ការវិនិយោគផ្ទាល់ពីបរទេសមាន៩ពាន់៧៨០លានដុល្លារអាមេរិកដែលគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៩៧ភាគរយ ។ សហគ្រាសទុនបរទេសដែលបង្កើតថ្មីមានចំនួន៨ពាន់៩៨សហគ្រាស ដែលគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៤៣,៧ភាគរយ ។

បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំនៃប្រតិបត្តិការគយឯករាជ្យនៅកំពង់ផែពាណិជ្ជកម្មសេរីHainanបានធ្វើចប់សព្វគ្រប់ជាមូលដ្ឋានហើយ វេទិកាបើកទូលាយចំពោះក្រៅប្រទេសដែលប្រកបដោយកម្រិតកាន់តែខ្ពស់មួយកំពុងទាក់ទាញចក្ខុវិស័យរបស់ពិភពលោក ។ ទ្វារសម្រាប់បើកទូលាយរបស់ចិននឹងបើកចំហរឹតតែធំឡើងៗ ហើយប្រព័ន្ធសេដ្ឋកិច្ចសកលមួយដែលកាន់តែតភ្ជាប់គ្នា បរិយាប័ន្ននិងច្នៃប្រឌិតថ្មីកំពុងចាប់ផ្តើមចេញដំណើរពីខេត្ត Hainan ៕

Written by 

Related posts

Leave a Comment