ពិព័រណ៍ការងារកម្ពុជា-ចិនប្រចាំឆ្នាំ២០២៥ នាំមកនូវឱកាសការងារជិត ១០០០ កន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ

ភ្នំពេញ៖ ក្រោមប្រធានបទ  “គំនិតយុវជនផ្លូវសូត្រ អភិវឌ្ឍន៍ជំនាញឆ្ពោះទៅអនាគតឆ្នាំ២០២៥”ពិពរណ៍ការងារឆ្នាំ២០២៥ ត្រូវបានរៀបចំទ្បើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វត្តមានក្នុងពិធីបើកពិព័រណ៍ការងារប្រចាំឆ្នាំ២០២៥នោះ រូមមានលោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងលោកស្រី ជុង ជា ទីប្រឹក្សានៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតចិនប្រចាំនៅកម្ពុជា។

លោក ថាវ គួងយ៉ាវ អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍ខាងលើនេះ គឺជាចំណុចចាប់ផ្តើម សម្រាប់កិច្ចសហការយ៉ាងជ្រាលជ្រៅនាពេលអនាគត ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសំខាន់មួយរបស់សមាគម ដើម្បីផ្សារភ្ជាប់រវាងសហគ្រាស និងអ្នកស្វែងរកការងារ ក៏ដូចជាដើម្បីជួយសហគ្រាសជ្រើសរើសនិយោជិក ដែលមានសមត្ថភាព និងផ្តល់ឱកាសដល់អ្នកស្វែងរកការងារកម្ពុជា ក្នុងការពង្រឹងអាជីពផងដែរ។

លោក បានលើកឡើងថា សហប្រតិបត្តិការដ៏ល្អឥតខ្ចោះរវាងចិន និងកម្ពុជា បានជួយឱ្យអាជីវកម្មរបស់សមាគមសភាពាណិជ្ជកម្ពុជា- ចិន មានការរីកចម្រើន និងប្រតិបត្តិការយូរអង្វែងនៅកម្ពុជា។ សមាជិកសហគ្រាសចិននៅកម្ពុជា បានពង្រីកសកម្មភាព ហើយមានតម្រូវការនិយោជិកជំនាញកាន់តែខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាស បានជួបការលំបាកមួយចំនួនក្នុងការជ្រើសរើសនិយោជិក រួមមានដូចជា កង្វះបណ្តាញប្រកាសការងារ កង្វះនិយោជិកទូទៅ ពិបាកក្នុងការស្វែងរកនិយោជិកជំនាញ និងបញ្ហាការរក្សាបុគ្គលិកឱ្យមានស្ថិរភាព។

លោក ថាវ គួងយ៉ាវ ក៏បានបញ្ជាក់ផងដែរថា ចំពោះអនាគត សភាពាណិជ្ជកម្ពុជា-ចិន និងសមាគម នឹងពិភាក្សា រូមនិងការអំពាវនាវឱ្យសហគ្រាសចិននៅកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការសហការរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដដល់ស្ថាប័នឧត្តមសិក្សាកម្ពុជា និងផ្តល់ឱកាសអនុវត្ត និងការបណ្តុះបណ្តាលដល់និស្សិត និងអ្នកដែលទើបចាប់ផ្តើមអាជីព ដើម្បីជួយឱ្យពួកគេងាយស្រួលក្នុងការបំពេញការងារ។

លោក ក៏បានអះអាងផងដែរថា នឹងយកចិត្តទុកដាក់លើការគាំទ្រដល់សមាជិកក្នុងការបង្កើតផែនការអភិវឌ្ឍន៍អាជីពដ៏ច្បាស់លាស់ និងមានសក្តានុពលសម្រាប់និយោជិកខ្មែរ ដោយផ្តោតលើការកែលម្អស្ថានភាពការងារ និងបរិស្ថានការងារ ដើម្បីឱ្យការងារនៅក្នុងសហគ្រាសចិន ក្លាយជាគោលដៅសំខាន់មួយដល់អ្នកស្វែងរកការងារនៅកម្ពុជា។

លោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដែរថា កន្លងមកក្រសួងការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងភាគីពាក់ព័ន្ធនៅក្នុងទីផ្សារការងារទាំងអស់ បានខិតខំសហការរៀបចំព្រឹត្តិការណ៍ និងពិព័រណ៌ការងារជាច្រើននៅតាមរាជធានី-ខេត្ត ដែលបានក្លាយជាសកម្មភាពរស់វើក កៀរគរក្រុមហ៊ុន និងសហគ្រាសមកពីគ្រប់ទិសទី និងគ្រប់វិស័យ ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានជ្រើសរើសកម្លាំងពលកម្ម អំពីតម្រូវការជំនាញ ដែលបើកឱកាសទូលាយដល់យុវជន និងអ្នកស្វែងរកការងារ បានចូលទស្សនា មានជម្រើសការងារ និងអាចដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់ធ្វើ។

លោក ក៏បានចាត់ទុកការរៀបចំពិព័រណ៌ការងារនៅពេលនេះ ជាកម្មវិធីឈ្នះឈ្នះ ទាំងអស់គ្នា ដែលមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្វែងរកការងារធ្វើ បានជួបជាមួយម្ចាស់សហគ្រាស និងក្រុមហ៊ុនដែលមានតម្រូវការផ្ទាល់ ដែលជាបទពិសោធន៍ដ៏មានតម្លៃ។

លោក បានវាយតម្លៃខ្ពស់ចំពោះសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតនូវព្រឹត្តិការណ៍មួយនេះ។

សូមជម្រាបថា តាមរយៈកម្មវិធីពិព័រណ៌ការងារកម្ពុជា-ចិន ប្រចាំឆ្នាំ២០២៥នេះ មានក្រុមហ៊ុនចំនួន ៥០ បាននាំឱកាសការងារប្រមាណជិត ១០០០ កន្លែង សម្រាប់អ្នកដែលស្វែងរកការងារធ្វើ។

សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាសមាគមចិនមួយក្នុងចំណោមបីនៅកម្ពុជា និងជាសមាគមសហគ្រិនចិនតែមួយគត់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។ បច្ចុប្បន្ននេះ សមាគម មានសមាជិកចំនួនជាង ៥០០ សហគ្រាស ដែលមានសកម្មភាពអាជីវកម្មនៅក្នុងវិស័យជាច្រើន។

ក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក សមាគមសភាពាណិជ្ជកម្ពុជា-ចិន និងសមាជិករបស់ខ្លួនបានចូលរួមយ៉ាងសកម្ម ដោយនាំយកបទពិសោធន៍ បច្ចេកវិទ្យា និងផលិតផលទំនើបៗចូលមកកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មចិន-កម្ពុជា និងរួមចំណែកសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគន្លឹះរបស់កម្ពុជា ដូចជា ផ្លូវ ស្ពាន អាកាសយានដ្ឋាន ស្ថានីយ៍អគ្គិសនីជាតិ បណ្តាញផ្គត់ផ្គង់អគ្គិសនី ការផលិតអគ្គិសនីពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យា ព័ត៌មានវិទ្យាជាដើម៕

Written by 

Related posts

Leave a Comment