ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញក្ដីសង្ឃឹមថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ហ្សេលេនស្គី សុទ្ធសឹងតែមានបំណងបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក បានប្រាប់អ្នកកាសែតនៅសេតវិមាន កាលពីថ្ងៃអង្គារថា ខ្ញុំគិតថា ពូទីនចង់ឱ្យវាបញ្ចប់ ហើយហ្សេលេនស្គី ក៏ដូចគ្នា ដូច្នេះ ខ្ញុំគិតថាវានឹងបញ្ចប់។
លោក បានបន្ថែមថា បទឈប់បាញ់គឺអាចធ្វើទៅបាន ដោយកត់សម្គាល់ថា វាជាសង្រ្គាមដែលមានរយៈពេលយូរ។

ទោះជាយ៉ាងណា លោក ត្រាំ នៅតែដាក់បន្ទុកលើលោក បៃដិន ជុំវិញការចំណាយប្រាក់ ៣៥០ ពាន់លានដុល្លារ លើជំនួយយោធាសម្រាប់អ៊ុយក្រែន។
ទន្ទឹមនោះ លោក ត្រាំ ក៏បានទទូចថា សង្រ្គាមនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំជាប្រធានាធិបតីនៅពេលនោះ។ លោក បានបន្ថែមថា ប៉ុន្តែសោកស្ដាយដែលវាបានកើតឡើង ចំពេលខ្ញុំចូលកាន់តំណែងតែម្ដង៕

ដោយ៖ ពេជ្រ