​​បទវិភាគ ៖ បោះជំហានទៅមុខជាបន្តទៀត ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាមានភាពកាន់តែរឹងមាំ

ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥ ប្រទេសចិននិងកម្ពុជានឹងទទួលខណៈពេលដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ពោលគឺខួបទី ៦៧ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ។ ក្នុងនិម្មាបនកម្មអន្តរជាតិដែលកំពុងប្រឈមមុខនឹងការសាកល្បងនៃបម្រែបម្រួល ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងដ៏ច្រើនរាប់មិនអស់ ពីពេលវេលាដ៏អស្ចារ្យនៃការពួតដៃគ្នាដើម្បីស្វែងរកឯករាជ្យភាពនិងការរំដោះប្រជាជាតិ ដល់ដំណើរការតស៊ូព្យាយាមនៃការរួមគ្នាឈ្វេងយល់ពីកិច្ចកសាងនិងការអភិវឌ្ឍជាតិ រហូតដល់កិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រក្រោមក្របខ័ណ្ឌរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងដោយចិត្តស្មោះនិងរាប់អានជាមួយគ្នាយ៉ាងស្មោះត្រង់ជាប់រហូតមក ដែលបានរួមគ្នាចារទំព័រថ្មីក្នុងយុគសម័យនៃមិត្តដែកថែបក្នុងប្រវត្តិសាស្ត្រប្រាស្រ័យទាក់ទងដោយមេត្រីភាពដ៏យូរលង់ ។

មូលដ្ឋានគ្រឹះនៃចំណងមិត្តភាពចិន-កម្ពុជាត្រូវបានបង្កើតឡើងក្នុងការតស៊ូប្រយុទ្ធរំដោះជាតិរបស់ប្រជាជនចិននិងកម្ពុជាដើម្បីប្រឆាំងនឹងការឈ្លានពានពីបរទេស ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពីខែកក្កដា ឆ្នាំ ១៩៥៨ មក ចំណងមេត្រីភាពប្រពៃណីដែលរួមគ្នាពូនជ្រំនិងបណ្តុះបំប៉នដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ដែលបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ មិនថាស្ថានការណ៍អន្តរជាតិនិងតំបន់មានការប្រែប្រួលយ៉ាងណាក្តី ជានិច្ចកាល ភាគីទាំងពីរចិននិងកម្ពុជាតែងតែប្រកាន់ខ្ជាប់ការកសាងទំនុកចិត្តចំពោះគ្នាក្នុងកម្រិតខ្ពស់ ប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព ក៏ដូចជាប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលដែលបានបំពេញបន្ថែមនូវខ្លឹមសារថ្មីនិងកម្លាំងរស់រវើកថ្មីសម្រាប់”មិត្តភាពដែកថែប” ។ ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ចាប់ពីការកំណត់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដល់ការពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មី រហូតដល់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ទំនាក់ទំនងរវាងចិននិងកម្ពុជាសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាបន្តបន្ទាប់ ។

ហេតុអ្វីបានជាទំនាក់ទំនងចិន-កម្ពុជាទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ? ជាបឋម គឺដោយមកពីចំណងមិត្តភាពដែកថែបយ៉ាងប្រាកដប្រជា ។ ជាច្រើនឆ្នាំកន្លងមក ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួននិងគោរពជម្រើសរបស់ប្រជាជនកម្ពុជាសម្រាប់គាំពារអធិបតេយ្យភាពនិងឯករាជ្យភាព។ បន្ទាប់ពីរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើងនាឆ្នាំ១៩៩៣មក ប្រទេសចិនបានបន្តផ្តល់ការគាំទ្រនិងជំនួយយ៉ាងស្មោះស្ម័គ្រនិងមិនគិតពីផលប្រយោជន៍ក្នុងវិស័យជាច្រើនដូចជា កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកសិកម្មនិងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ។ កាលពីដើមឆ្នាំ ២០២០ ក្នុងបរិបទដែលជំងឺកូវីដ ១៩ បានរីករាលដាលយ៉ាងធ្ងន់ធ្ងរ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសចិន ហើយបានឈរនៅជាមួយប្រជាជនចិនយ៉ាងមុតមាំដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ចំណែកប្រទេសចិនបាននាំមុខគេក្នុងការចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ប្រទេសកម្ពុជាដោយផ្តល់នូវវ៉ាក់សាំងនិងជំនួយជាសម្ភារៈបន្ទាន់ដែលបានបកស្រាយយ៉ាងរស់រវើកនូវខ្លឹមសារនៃសុភាសិតមួយដែលថា “ក្នុងគ្រាលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ” ។

ព្រមជាមួយគ្នានេះ ប្រទេសទាំងពីរចិននិងកម្ពុជាសុទ្ធតែតស៊ូព្យាយាមដើម្បីឆ្ពោះទៅរកការសម្រេចបាននូវទំនើបកម្ម ហើយកំពុងជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បន្ស៊ីគ្នាយ៉ាងស៊ីជម្រៅជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា ។ ការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធទទួលបានប្រសិទ្ធភាពដ៏លេចធ្លោ៖ក្នុងនាមជាផ្លូវល្បឿនលឿនដំបូងរបស់ប្រទេសកម្ពុជា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុបានបង្រួមពេលធ្វើដំណើរពី ៥ ម៉ោងនៅកាលពីមុនមកនៅត្រឹមមិនដល់ ២ ម៉ោង ក្នុងនាមជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសនិងស្ថាប័នអន្តរជាតិចំនួនជាង ២ រយដែលបានបង្កើតឱកាសការងារចំនួន ៣ ម៉ឺន ២ ពាន់កន្លែង ។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទទួលបានលទ្ធផលជាផ្លែផ្កា៖ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាប្រភពវិនិយោគធំទីមួយរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួន ១៧,៨៣៤ ប៊ីលានដុល្លារអាមេរិកដែលបានកើនឡើង ២០,៣ ភាគរយបើប្រៀបធៀននឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ដោយឡែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានព្យាករណ៍ថា ក្រោមការជំរុញនៃការវិនិយោគមកពីចិន ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជានឹងរក្សាកំណើនប្រកបដោយកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃ៖ប្រទេសចិនបានក្លាយជាប្រទេសជាប្រភពនិស្សិតបន្តការសិក្សាដ៏ធំបំផុតរបស់កម្ពុជានិងជាប្រភពភ្ញៀវទេសចរដ៏សំខាន់ ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបានដើរតួនាទីពិសេសជាស្ពាននិងចំណងមិត្តភាពសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាជាប់រហូតមក ។ ឆ្នាំ ២០២៥ គឺជា”ឆ្នាំទេសចរណ៍ចិន-កម្ពុជា “។ ទស្សនាវដ្តី«Travel And Tour World»របស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទដោយ ប៉ាន់ប្រមាណថា នឹងជំរុញឱ្យចំនួនភ្ញៀវទេសចរចិនដែលទៅដើរកម្សាន្តនៅកម្ពុជាកើនឡើងយ៉ាងខ្លាំង ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍រដ្ឋាភិបាលដល់ភាគីកម្ពុជា គាំទ្រការបង្កើតយន្តការសន្ទនានិងផ្លាស់ប្តូររវាងយុវជនចិននិងកម្ពុជា ហើយលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋាន ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតធ្វើសកម្មភាពផ្លាស់ប្តូរកាន់តែច្រើន ។ ប្រការនេះនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ។

តើត្រូវជំរុញការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលតាមរបៀបណា ? ឥស្សរជនវិភាគបានលើកឡើងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ”កាន់តែខ្ពស់”ចំនួន ៥ ចំណុច ពោលគឺ ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយដែលមានកម្រិតកាន់តែខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពកាន់តែខ្ពស់ បង្កើតការធានាខាងសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់ ធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើននិងពង្រឹងកិច្ចសហការជាយុទ្ធសាស្រ្តដែលមានស្តង់ដារកាន់តែខ្ពស់ ។ សំណើ”កាន់តែខ្ពស់”ទាំង ៥ ចំណុចនេះបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជាក្នុងដំណាក់កាលបន្ទាប់ ហើយក៏បានបំពេញបន្ថែមខ្លឹមសារក្នុងយុគសម័យថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាផងដែរ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅថែមទៀត ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងចិននិងកម្ពុជាមានភាពសម្បូរបែបឥតឈប់ឈរ ការកសាង”ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”និង”ច្រករបៀងមច្ឆានិងអង្ករ”ទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបតិ្តការក្នុងគ្រប់វិស័យទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកសម្រាប់ការគាំពារសន្តិភាពនិងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។

 ចំណងមិត្តភាពរវាងចិននិងកម្ពុជាដែលអស់រយៈពេល ៦៧ ឆ្នាំបានរួមសុខរួមទុក្ខជាមួយគ្នា ហើយបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។ ក្នុងដំណើរដ៏មហិមានៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ មិត្តដែកថែបចិន-កម្ពុជាប្រាកដជានឹងបន្តពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការតភ្ជាប់ដួងចិត្តប្រជាជននិងពួតដៃប្រកៀកស្មាគ្នាដើម្បីរួមគ្នាចារទំព័រថ្មីនៃចំណងមិត្តភាពជាក់ជាមិនខាន ។ ផ្លូវមិត្តភាពនេះដែលរួមគ្នាក្រាលដោយប្រវត្តិសាស្ត្រ រួមគ្នាត្រួសត្រាយនាបច្ចុប្បន្នកាលនិងរួមគ្នាពង្រីកនៅពេលអនាគតមុខជានឹងកាន់តែធំទូលាយនិងកាន់តែរឹងមាំជាក់ជាមិនខាន ក្នុងន័យនាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែខ្លាំងក្លាសម្រាប់ការជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ៕

Written by 

Related posts

Leave a Comment