ខេត្តរតនគិរី÷ មន្ទីរកិច្ចការនារីខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរខួបលើកទី១៤៤ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”។

ក្នុងពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រព រតនៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា សម្តែងនូវការសប្បាយរីករាយ និងបានអំណរគុណចំពោះកិច្ចខិតខំរៀបចំរបស់មន្ទីរកិច្ចការនារីខេត្តរតនគិរី និងគាំទ្រនូវប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
លោកអភិបាលខេត្តបានបន្តថា ដែលក្រសួងកិច្ចការនារីបានលើកឡើងក្នុងឆ្នាំនេះ ស្របតាមការគិតគូរបស់អង្គការសហប្រជាជាតិ គឺចំពេល ដែលយើងគ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ និងជំរុញឲ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីក្លាយជាពលរដ្ឋ ឌីជីថល ធានាបាននូវមូលធនមនុស្ស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាទាំងមូល។

លោកអភិបាលខេត្តបានបន្ថែមថា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យ ធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”។
រាជរដ្ឋាភិបាល និងបន្ត លើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ជាមួយគ្នានេះ លោកអភិបាលខេត្តបាន កោតសរសើរគ្រប់ មន្ទីរ អង្គភាព ស្ថាប័នជាតិ អាជ្ញាធរគ្រប់លំដាប់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងអង្គការទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទិ្ធ ឋានៈ តួនាទីរបស់ស្រី្ត និងសូមបន្តគាំទ្រនិងប្រែក្លាយខឹ្លមសារនៃ ប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីកម្ពុជា ពោរពេញដោយមូលធនមនុស្ស មានសមត្ថភាពគ្រប់គ្រាន់ ដែលបង្កលក្ខណៈឲ្យខឿនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ មានធនធានមនុស្សប្រកបដោយគុណភាព និងសក្តានុពល ក្នុងការស្តារ និងភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលមានរាជរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕




