អ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគពាយព្យនៃប្រទេស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការកំណត់គោលដៅជាច្រើនលើកច្រើនសារ ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល កំណត់គោលដៅលើតំបន់នៃការដាក់ពង្រាយកងពលតូចកាំភ្លើងវែងលេខ 132 នៅជិតទីក្រុង Latakia ដែលមានចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីរដ្ឋធានីដាម៉ាស ។
កាលពីថ្ងៃទី ១៦ ខែកក្កដា អ៊ីស្រាអែលបានវាយប្រហារទីតាំងយុទ្ធសាស្ត្រមួយចំនួននៅក្នុងទីក្រុងរដ្ឋធានីដាម៉ាស និងតំបន់ក្បែរនោះ រួមទាំងអគ្គសេនាធិការនៃកងទ័ពស៊ីរី និងវិមានប្រធានាធិបតីនៅក្នុងស្រុក Abu Rummana ផងដែរ ។
របាយការណ៍ដដែល បន្ថែមថា កាលពីល្ងាចថ្ងៃពុធ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារក្បួនរថយន្តនៃអង្គភាពក្រសួងមហាផ្ទៃស៊ីរីនៅជិតទីក្រុង Sweida ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រនៃរដ្ឋធានី ដោយបណ្តាលឱ្យទាហានជាង ១៥ នាក់ស្លាប់បាត់បង់ជីវិត។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា អ៊ីស្រាអែល នឹងបន្តវាយប្រហារ លុះត្រាតែស៊ីរីដកទ័ពចេញពីតំបន់នៅក្នុង និងជុំវិញទីក្រុង Sweida ។
ដោយឡែក ក្រសួងការពារជាតិស៊ីរី បានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា ខ្លួនកំពុងដកកងកម្លាំងយោធាទាំងអស់ចេញពី Sweida ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលជាលើកទី ៤ ហើយចាប់តាំងពីដើមឆ្នាំមកជាមួយអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ