ផែនការចិនផ្តល់កាលានុវត្តភាពវិបុលភាពរួមដល់ពិភពលោក

ដោយផ្តោតលើកាលវិភាគរបស់ខ្លួន នោះពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដោយមានលោក Xi Jinping ជាប្រមុខ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រសែភ្នែករបស់មនុស្សជាតិ ហើយដែលប្រជាជាតិចិនកំពុងទន្ទឹងរង់ចាំទទួលនូវលទ្ធផលពីកិច្ចប្រជុំនេះ គឺដោយសារកិច្ចប្រជុំនេះជាការឆ្លងនូវអន្តរលទ្ធផលចំនួនសំខាន់២៖ ១-ការបូកសរុបនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបិទបញ្ចប់ផែនការអភិវឌ្ឍន៍៥ឆ្នាំលើកទី១៤ និងជាការប្រកាសផែនការអភិវឌ្ឍន៍៥ ឆ្នាំទី១៥។ រាល់ការដាក់ចេញនូវផែនការ៥ឆ្នាំនេះ មិនត្រឹមតែជាក្តីសង្ឃឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាការពន្លាតនូវវិបុលភាពដល់មនុស្សជាតិនៅក្នុងពិភពលោកទាំងមូលថែមទៀតផង។

ដោយផ្តោតលើគោលនយោបាយស្នូលរបស់ខ្លួន នោះមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលបាននិងកំពុងបង្កើនកម្លាំងរបស់ខ្លួនតាមរយៈផែនការមេរបស់បក្សកុម្មុយនិស្តចិន នៅតែជារបៀបវារៈសំខាន់មួយនៅក្នុងវិធីសាស្ត្រអភិវឌ្ឍន៍ថ្មីដែលផ្អែកលើទស្សនៈនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ចិន ដើម្បីបន្តបំពេញសេចក្តីប៉ងប្រាថ្នា «ការរីកចម្រើនរួម និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន» ព្រមទាំងជាការសម្រេចគោលបំណងអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសចិន។ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិនបាននាំឱ្យប្រជាជាតិចិនយល់កាន់តែច្បាស់ និងបង្កើនជំនឿចិត្តកាន់តែខ្លាំងលើផែនការ៥ឆ្នាំដែលបក្សកុម្មុយនិស្តចិនបានតាក់តែងឡើង ជាក់ស្តែងបើយើងពិនិត្យជារួមលើលទ្ធផលនៃផែនការអភិវឌ្ឍន៍៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) នោះយើងនឹងឃើញពីទិន្នន័យផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើងពី១១០ទី្រលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២២ ដល់១៣៤ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ដោយទទួលបានពីការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ដោយផ្តោតលើគោលការណ៍យុគសម័យថ្មី យើងនឹងអាចវាយតម្លៃជាបឋមបានថា កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០នឹងបង្កើនល្បឿននៃទំនើបកម្មសង្គមដែលមានលក្ខណៈពិសេស៤តាមបែបផែនរបស់ចិន៖ ១-ទំនើបកម្មដែលមានប្រជាជនជាស្នូលដោយផ្តោតលើការលើកកម្ពស់គុណភាពជីវិត សមភាពសង្គម និងវិបុលភាពជីវភាព។ ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ថវិកាសាធារណៈលើសពី៧០% ត្រូវបានប្រើប្រាស់ក្នុងវិស័យពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ។ ប្រព័ន្ធរបបសន្តិសុខសង្គមធំបំផុតត្រូវបានបង្កើតឡើង ប្រជាជនលើសពី៩៥% បានចូលរួមការធានារ៉ាប់រងទាយជ្ជទាននិងការធានារ៉ាប់រងសុខភាព ក្នុងនោះ ចំណូលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋនៅទីក្រុងនិងជនបទបានកើនឡើងជាមធ្យម៦%ក្នុងមួយឆ្នាំ។ ២-ទំនើបកម្មសន្តិភាពដោយបដិសេធការអភិវឌ្ឍដោយបំពាននឹងច្បាប់អន្តរជាតិ ឬមានទម្រង់ជាអនុត្តរភាពនិយម ដូចការប្តេជ្ញាចិត្តរបស់ប្រទេសចិនតាមរយៈពិធីមហាព្យុហយាត្រាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ជាសក្ខីភាពស្រាប់។ ៣-ទំនើបកម្មបៃតងដោយផ្អែកលើសមតុល្យបរិស្ថាននៃសហគមន៍រួមជីវិត និងការអភិវឌ្ឍបែបចីរភាពតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ ព្រមទាំងឈរយ៉ាងរឹងមាំលើទស្សនៈដែលមានវ័យ២០ឆ្នាំមកហើយ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដោយឈានឆ្ពោះទៅរកអព្យាក្រឹត្យកាបូននៅឆ្នាំ២០៦០។ ៤-ទំនើបកម្មរួមចំណែកដោយបង្កើតអត្ថប្រយោជន៍មិនត្រឹមសម្រាប់ប្រជាជនចិនទាំងមូលប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជាតិក្រោមទម្រនៃកិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នាដូចដែលពិភពលោកបានឃើញរួចមកហើយថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការរួមចំណែករបស់ចិនចំពោះកំណើនជាប់រហូតនៃសេដ្ឋកិច្ចពិភពលោកដោយរក្សាបានក្នុងចន្លោះ៣០%។

ដោយផ្តល់គុណតម្លៃសម្រាប់ជាចលករដល់វិបុលភាពរួមសម្រាប់ពិភពលោក កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ មិនត្រឹមតែជាយន្តការវិធីសាស្ត្រអភិវឌ្ឍសម្រាប់ប្រទេសចិនទេ ថែមទាំងផ្តល់ជាជម្រើសថ្មីសម្រាប់ចែករំលែកបទពិសោធន៍ជូនដល់ប្រទេសនានាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍតាមបែបផែនរៀងៗខ្លួន។ កិច្ចប្រជុំនេះនឹងបង្ហាញដោយប្រត្យក្សថា ប្រទេសចិនអាចឈានទៅរកភាពទំនើបតែងបានផ្អែកលើគោលការណ៍សន្តិភាព និងការអភិវឌ្ឍរួម ហើយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤នឹងផ្តល់ភាពពេញលេញដល់ការថែរក្សាសន្តិភាពក្រោមខ្លឹមសារជាសារវន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងចរន្តពហុភាគីនិយម និងការអភិវឌ្ឍចីរភាពប្រកបដោយបរិយាប័ន្នដល់ប្រទេសទាំងឡាយ ដែលនេះជាការគូសបញ្ជាក់យ៉ាងច្បាស់ថា តួនាទីរបស់ប្រទេសចិនពិតជាសំខាន់ហើយមិនអាចអវត្តមានបានឡើយនៅក្នុងការទ្រលំនឹងស្ថិរភាព វិបុលភាព វឌ្ឍនភាព សន្តិភាព និងសុភមង្គលរបស់មនុស្សជាតិ។

 ជារួម កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានបញ្ជាក់ដោយច្បាស់លាស់ថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាត្រីវិស័យសំខាន់បំផុតសម្រាប់ការសម្រេចគោលបំណងនៃការកសាងប្រទេសចិនស្របតាមគោលគំនិតនៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដែលមិនគ្រាន់តែជាការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការចាក់បញ្ចូលពោរពេញដោយវិជ្ជមានភាពនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងជាការចែករំលែកនូវបទពិសោធន៍នៃគំរូថ្មីក្នុងការអភិវឌ្ឍសង្គមនាយុគសម័យថ្មី។ ជាមួយគ្នានេះ កិច្ចប្រជុំពេញអង្គបានបញ្ជាក់ជាថ្មីថា ការរីកចម្រើនវប្បធម៌និងតម្លៃសង្គមនិយមតាមបែបផែនចិននឹងបន្តអភិវឌ្ឍអត្តសញ្ញាណជាតិចិន និងបង្កើតភាពរួបរួមគំនិតរបស់ប្រជាជាតិចិនទាំងមូល។ បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៤នឹងបន្តដឹកនាំប្រទេសចិនលើស្មារតីនៃសន្តិភាពនិយម សហប្រតិបត្តិការសហវិជ្ជមាន និងការអភិវឌ្ឍសកលរួម ដើម្បីកសាងពិភពលោកដែលជាផ្ទះរួមរបស់យើងពោរពេញដោយសន្តិភាព វិបុលភាព និងសុភមង្គលជាយូរអង្វែង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment