នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥នេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរចំពោះកសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថាគម្រោងពិពិធកម្មកសិកម្មកម្ពុជានេះ ជាកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក ក្នុងនោះ ១៤ម៉ឺនដុល្លារសម្រាប់គាំទ្រ ៤០%ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល ១លានដុល្លារទៀត សម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤គីឡូម៉ែត្រនៅក្នុងសហគមន៍។

លោក ឃឹម ហ្វីណង់ ក៏បានឱ្យដឹងបន្ថែមថា គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន ១២០០ដុល្លារ/គ្រួសារ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសហគមន៍គ្រោងនឹងសហការជាមួយក្រសួងកសិកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ៕ តាកែវ


