រដ្ឋបាល លោក Trump បានស្នើឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើគោលដៅរដ្ឋាភិបាលស៊ីរី និងបើកការចរចាដោយផ្ទាល់ជាមួយទីក្រុងដាម៉ាស ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះ បាននិយាយថា យើងឲ្យអ៊ីស្រាអែល បញ្ចប់ការវាយប្រហារ ដោយបន្ថែមថា រដ្ឋបាលក៏កំពុងជំរុញឱ្យមានកិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងស៊ីរី ដើម្បីដោះស្រាយវិបត្តិ។
កាលពីថ្ងៃពុធ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើក្រុងដាម៉ាស។ ការវាយប្រហារសំដៅតំបន់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធស៊ីរីស្ថិតនៅ និងអគារអគ្គសេនាធិការ។
ទន្ទឹមនោះ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការវាយប្រហារក៏សំដៅគោលដៅវិមានប្រធានាធិបតី ផងដែរ។
កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីការទម្លាក់គ្រាប់បែកលើរដ្ឋធានីស៊ីរី ស្របពេលស្ថានភាពកាន់តែអាក្រក់ទៅៗនៅភាគខាងត្បូងនៃប្រទេសនេះ ដែលមានការប៉ះទង្គិចគ្នារវាងនិកាយ Druze កាលពីថ្ងៃទី ១៣ ខែកក្កដា ៕

ដោយ៖ ពេជ្រ