យោងតាមការចេញផ្សាយរបស់គេហទំព័រកីឡា BBC បានឲ្យដឹងថាក្រុមហង្សក្រហម Liverpool កំពុងចែចូវខ្សែប្រយុទ្ធជួរមុខ Alexander Isak របស់ក្លិបគូប្រជែងនៅ Premier League ដូចគ្នាគឺ Newcastle United ក្នុងតម្លៃជាង ១០០លានផោន ដែលជាកំណត់ត្រាថ្មី ចំពោះការផ្ទេរមានតម្លៃខ្ពស់បំផុតមួយ។
កញ្ចប់ទឹកប្រាក់សម្រាប់ Newcastle ដែលអាចនឹងលក់ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតខាងលើចេញចាប់ពីតម្លៃ ១៣០លានឡើងទៅផងដែរ ស្របពេលក្រុមជើងឯកលីគរដូវកាលមុនអាចមានខ្ទង់ចំណាយកើនដល់ទៅ ៣០០លានផោនឯណោះ។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ ក្រុមរបស់លោក Arne Slot បានចាយអស់ជាង ១៧០លានផោនហើយ ដោយទិញបានកីឡាករ ៤រូបរួមមានខ្សែបម្រើ Florian Wirtz រួមទាំងខ្សែការពារ ២នាក់ផងដែរគឺ Milos Kerkez និង Jeremie Frimpong និង Armin Pecsi៕
