អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទួទំាងសកលលោក នោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។

លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះ។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍ជាថ្មីម្តងទៀតចំពោះវត្តមាន លោកជំទាវ អាស៊ីធី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាប់ឌុលរ៉ាម៉ាន អគ្គលេខាធិការអាយប៉ា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកពីការចូលរួម និងជួយសហការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អាយប៉ាលើកទី១៦ ហើយបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកជំទាវនាព្រឹត្តិការណ៍ដ៏សំខាន់នោះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់អង្គការសភាតំបន់ដែលប្រកបដោយភាពរស់រវើក និងពោរពេញដោយថាមវ័ន្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាព ជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕





