សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីរាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយកិច្ចសហការរវាងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ដោយបានរកឃើញជនជាតិបរទេសដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ៤នាក់។

សមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមានកំព្យូទ័រ, ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាព ឆបោកតាមអនឡាញមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
