រុស្ស៊ី វាយប្រហារមជ្ឈមណ្ឌលលក់ទំនិញអ៊ុយក្រែន ចំពេលបេសកជនអាមេរិកជួប Zelensky

មន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ២៧ នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្សី លើមជ្ឈមណ្ឌលលក់ទំនិញ និងផ្សារក្នុងទីក្រុង Dobropillia នៃតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។

អភិបាលតំបន់ លោក Vadym Filashkin បានឲ្យដឹងថា ហាងជាង ៥០ កន្លែង និងទីតាំងលំនៅដ្ឋានជាង ៣០០ ខ្នង រួមទាំងរថយន្តច្រើនគ្រឿង រងការខូចខាតនៅក្នុងការវាយប្រហារ កាលពីល្ងាចថ្ងៃពុធនេះ។

ទន្ទឹមនោះ ជុំវិញបញ្ហានេះ លោកប្រធានាធិបតី Volodymyr Zelensky បានពណ៌នាថា ជាការវាយប្រហារដ៏គួរឱ្យរន្ធត់ ហើយថា មិនមានហេតុផលនោះទេ។

ទោះជាយ៉ាងណា រុស្ស៊ី នៅមិនទាន់ចេញមកអះអាង ជុំវិញការវាយប្រហារនេះនៅឡើយ នោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងនៅពេលដែលបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនគឺលោក Keith Kellogg ស្ថិតនៅក្នុងទីក្រុងគៀវ ក្នុងការដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនជាមួយលោក Zelensky ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment