អ្នកការទូតកំពូលរបស់ប្លុក EU បាននិយាយថា សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បីបង្កើនការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា ដោយបើកឲ្យរថយន្តដឹកជំនួយចូលកាន់តែច្រើនបន្ថែមទៀត។

ប្រមុខកិច្ចការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានសរសេរនៅលើ X ថា ថ្ងៃនេះ យើងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែល ដើម្បីពង្រីកសិទ្ធិមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
លោកស្រី បានបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺនឹងបើកផ្លូវឆ្លងកាត់កាន់តែច្រើន សម្រាប់រថយន្តដឹកជំនួយចូលទៅតំបន់ហ្គាហ្សា ការជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការការពារបុគ្គលិកផ្ដល់ជំនួយ។ យើងទុកចិត្តលើអ៊ីស្រាអែល ក្នុងការអនុវត្តរាល់វិធានការដែលព្រមព្រៀងនេះ។
អ្នកស្រុកចំនួន ២ លាននាក់ នៅហ្គាហ្សាកំពុងប្រឈមមុខនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ខណៈដែលអ៊ីស្រាអែល កម្រិតជំនួយយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្រ្គាមដ៏សាហាវរបស់ខ្លួនជាមួយក្រុមហាម៉ាស។

លោកស្រី បន្តថា វិធានការដែលបានព្រមព្រៀងដោយអ៊ីស្រាអែល គឺនឹងត្រូវអនុវត្តនៅប៉ុន្មានថ្ងៃខាងមុខ ដោយមានការយល់ព្រមជារួម ក្នុងការផ្ដល់ជំនួយដល់ប្រជាជនហ្គាហ្សា ។
លោកស្រី Kallas ក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងរួមមាន មានការកើនឡើងនៃរថយន្តដឹកជំនួយប្រចាំថ្ងៃចូលហ្គាហ្សា ការបើកច្រកឆ្លងកាត់ជាច្រើនទៀត ទាំងតំបន់ភាគខាងជើង ភាគខាងត្បូង និងការបើកផ្លូវឡើងវិញពីហ្ស៊កដានី និងអេហ្ស៊ីប។
គួរបញ្ជាក់ថា កន្លងមកមានការវាយប្រហារលើទីតាំងផ្ដល់ជំនួយជារឿយៗនៅហ្គាហ្សាស្រ្ទីប ដែលបង្កការព្រួយបារម្ភមួយ សម្រាប់អង្គការគាំពារមនុស្សពិភពលោក៕

ដោយ៖ ពេជ្រ