ខេត្តរតនគិរី៖ រថយន្តវេអង១គ្រឿង ឡើងចំណោទមិនរួច ក៏រញ៉ែថយក្រោយ ធ្លាក់កន្ទុយរ៉ឺម៉កនៅមាត់អូរ មិនបណ្ដាលឲ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវ ឬអ្នកបើកបររថយន្តរងគ្រោះថ្នាក់ឡើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចឡើងចំណោទអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
តាមការបញ្ជាក់ពីតៃកុងរថយន្តវេអងឈ្មោះ ម៉ៅ ឆៃ អាយុជាង ៣០ឆ្នាំ បានឲ្យដឹងថា ខណៈលោកបើកបរក្នុងទិសដៅពីកើតទៅលិច ដឹកជ័រកៅស៊ូបានចុះចំណោទអូរត្រាវអស់ខ្យល់ ពេលឡើងចំណោទវិញជាន់ហ្វ្រាំងមិនស៊ី ក៏រ៉ូយ៉ែថយក្រោយធ្លាក់កន្ទុយរ៉ឺម៉ករថយន្តនៅមាត់អូរ ប៉ុន្តែមិនបណ្ដាលឲ្យរថយន្តក្រឡាប់នោះទេ។
លោក ម៉ៅ ភារម្យ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ធ្នូនេះ ថា រថយន្តវេអង១គ្រឿង ពាក់ស្លាកលេខស្វាយរៀង 3B-8889 ហើយមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ប៉ុន្តែលោកបានណែនាំទៅដល់តៃកុងរថយន្តពេលបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមានការធ្វេសប្រហែសក្នុងពេលបើកបរ សំណាងហើយមិនមានគ្រោះថ្នាក់ទៅដល់អ្នកដទៃ។
លោកថា រថយន្ត១គ្រឿងនេះត្រូវបានម្ចាស់រថយន្តយករថយន្តស្ទូចមកស្ទូចរថយន្តចេញពីចំណុចកើតហេតុដោយខ្លួនឯង។
សូមអ្នកបើកបររថយន្តទាំងឡាយមេត្តាមានការប្រុងប្រយ័ត្ន នៅត្រង់ចំណុចនេះ មុននិងចេញដំណើរទៅផ្លូវឆ្ងាយត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយគ្រោះថ្នាក់តែខ្លួនឯងមិនអីទេ។ខ្លាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកជិះម៉ូតូដោយមានដាក់ក្មេងតូចៗមកជាមួយ ជាហេតុបណ្ដាលឲ្យគ្រោះថ្នាក់បាត់បង់ជីវិតក៏មានដែរ៕