បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយានគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណមន្ត្រីមន្ទីរសាធារណ:ការណ៍ បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្មេងទំនើង នៅសាលាអនុវិទ្យាល័យសែសិន នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ពិធីនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សសាលា ១២៩នាក់ ក្នុងនោះស្រី៦០នាក់ នៃសាលាអនុវិទ្យាល័យសែសិន។ ក្រៅពីនេះនគរបាលយើង ក៏បានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងមានណែនាំដល់សិស្សានុសិស្សដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា ដើម្បីសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងចុះឈ្មោះបោះឆ្នោត។
ការចុះផ្សព្វផ្សាយនេះគឺជាការផ្សារភ្ជាប់សកម្មភាពរវាងនគរបាល និង ប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអំពីច្បាប់ និងវិធានការបង្ការដល់សិស្សនិងប្រជាពលរដ្ឋដើម្បីរួមគ្នាទប់ស្កាប់បទល្មើសតាមមូលដ្ឋាន និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត តាមដែលអាចធ្វើបាន៕


