ប្រភពសន្តិសុខប៉ាគីស្ថាន បានឱ្យដឹងថា ភេរវករជាង ៧០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងទ័ព ធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមបក្ខពួកនៃក្រុម Tehreek-e-Taliban Pakistan (TTP) ដែលមិនស្របច្បាប់នៅក្នុងតំបន់ព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពដដែល បានប្រាប់ថា ការវាយប្រហារប្រឆាំងនឹងភេរវករនៃក្រុម TTP ត្រូវបានធ្វើឡើងនៅតំបន់ព្រំដែននៃសង្កាត់ Waziristan ខាងជើង និង South Waziristan នៃប្រទេសប៉ាគីស្ថាន ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់។
ប្រភព បានបន្តថា ក្នុងអំឡុងពេលនៃការវាយប្រហារ ភេរវករជាង ៧០នាក់ រួមទាំងប្រមុខក្រុម ត្រូវបានសម្លាប់ ដោយបន្ថែមថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ភេរវករ TTP នៅតែបើកការវាយប្រហារជាច្រើនដងនៅក្នុងតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមភេរវករ បានបើកការវាយប្រហារដោយគ្រាប់បែកនៅតំបន់ Waziristan ខាងជើង ដែលក្នុងនោះទាហានម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស៕


ដោយ៖ ពេជ្រ