​ស្ត្រីម្នាក់ទើបសម្រាលកូនភ្លោះ២នាក់ និងជនពិការមានជីវភាពខ្វះខាត នៅឃុំឯកភាព ស្រុកអូរជុំ ទទួលបានការចុះសួរសុខទុក្ខពីសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ខេត្តរតនគិរី÷ លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយសសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ស្ត្រីម្នាក់ទើបតែសម្រាលកូនភ្លោះពីរនាក់ និងជនពិការដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រស់នៅភូមិប៉ាជន ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន មានមតិសំណេះសំណាលនាឱកាសនោះ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជារឿយៗសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមិនដែលប្រកាន់ជាតិសាសន៍ យសសក្ដិ ឬពណ៌សម្បុរអ្វីទេ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនដែលជាមាតាទាំងអស់សូមអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលជាមួយលោកគ្រូពេទ្យជំនាញនៅឯមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាពដែលនៅក្បែរលំនៅឋាន ជៀសវាងការព្យាបាលតគ្នា ឬបែបហូបថ្នាំបុរាណ ព្រោះថាវាអាចបង្កផលលំបាកសម្រាប់សុខភាព ពិបាកក្នុងការព្យាបាលនៅពេលបន្ទាប់ ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ចំណែកស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យសុខភាពមុនសម្រាលយ៉ាងតិច៤ដង និងក្រោយពេលសម្រាល ត្រូវបំបៅកូនដោយទឹកដោះម្តាយ ទើបល្អប្រសើរព្រោះទឹកដោះម្តាយមានជីវជាតិគ្រប់គ្រាន់ សម្រាប់បំប៉នរាងកាយទារក និងសូមយកទារកទៅចាក់វ៉ាក់សាំងឲ្យបានទៀងទាត់។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖

លោក ញ៉ែម សំអឿន និងលោកជំទាវ៖ អង្ករ ៥០គីឡូក្រាម មីចំនួន ៨កេស ទឹកពិសា ចំនួន ៤កេស និងថវិកាចំនួន ៣០ម៉ឺនរៀល។

សាខាកាកបាទក្រហមខេត្ត៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ប្រេងឆា ២ដប, ម្សៅសាប៊ូ ២កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ ពូកឈុតកូនក្មេង ២  មុងគ្រប២ មួកកូនក្មេង២ ស្រោមដៃ ជើងកូនក្មេង ២គូរ ខោអាវកូនង៉ែត ២ឈុត កន្សែងពោះគោ ២ ម្សៅកូនក្មេង ២កំប៉ុង សាប៊ូកូនក្មេង ២ដប  និង ថវិកាមួយចំនួននិងអនុសាខាស្រុកអូរជុំ៖ ថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ៕

Written by 

Related posts

Leave a Comment