ក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងពីការទៅដល់ទីក្រុងគៀវរបស់អ្នកការទូតកំពូលអាល្លឺម៉ង់ លោក Johann Wadephul ក្នុងដំណើរបំពេញទស្សនកិច្ចដោយមិនប្រកាសជាសាធារណៈ ។

យោងតាមក្រសួង ការទៅដល់ទីក្រុងគៀវរបស់លោក Wadephul ជាការធានារបស់រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តផ្តោតទាំងស្រុងលើការគាំទ្រអ៊ុយក្រែន រួមទាំងការផ្តល់ការការពារដែនអាកាសទំនើប និងសព្វាវុធផ្សេងទៀត ក៏ដូចជាជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច។
លោក Wadephul បានបញ្ជាក់ថា នេះគឺជាការសន្យារបស់ខ្ញុំ ក្នុងការមកដល់ទីក្រុងគៀវ ថ្ងៃនេះ។ ទន្ទឹមនឹងនោះ លោក Wadephul ក៏បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ នឹងបន្តធ្វើការលើការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីថ្មី រួមជាមួយនឹងដៃគូ EU និង G7 ។
អាល្លឺម៉ង់ ជាប្រទេសផ្គត់ផ្គង់អាវុធធំទី ២ ដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនមក អាល្លឺម៉ង់ បានផ្តល់ជំនួយដល់ទីក្រុងគៀវ នូវសព្វាវុធផ្សេងៗដែលមានតម្លៃជាង ៤០ ពាន់លានអឺរ៉ូ៕

ដោយ៖ ពេជ្រ