សមត្ថកិច្ចខណ្ឌច្បារអំពៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៨នាក់ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿង។
សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជា មណ្ឌលហៅទូរសព្ទ (call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាម ក្រោមរូបភាពលួងលោម ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនី visa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញ ពីគណនីជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕


