លោក Orban ស្តីបន្ទោសលោក Biden ចំពោះជម្លោះអ៊ុយក្រែន

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកបានបង្កឱ្យមានការកើនឡើងនៃជម្លោះអ៊ុយក្រែននៅឆ្នាំ ២០២២។ ការ​អត្ថាធិប្បាយ​របស់​លោក​កើត​ឡើង​បន្ទាប់​ពី​ក្រុង​មូស្គូ​បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា​ “ខ្វះ សុភវិនិច្ឆ័យ និង​ការ​អត់ធ្មត់” ក្នុង​វិធី​ដោះស្រាយ​ជម្លោះនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយសាធារណៈ Kossuth Radio កាលពីថ្ងៃសុក្រ លោក Orban បាននិយាយថា សហរដ្ឋអាមេរិកបានដើរតួនាទីជាអ្នកសម្រេចចិត្តក្នុងជម្លោះនេះ ដូច្នេះបើគ្មានការលូកដៃចូលរបស់អាមេរិកជម្លោះនឹងមិនអាចកើតមាននោះទ្បើយ។ លោកបាននិយយាយសង្កត់ធ្ងន់ម្តងទៀតថា អាមេរិកគឺជាតួអង្គសំខាន់មួយក្នុងសង្គ្រាមនេះ។  បើគ្មានអាមេរិកទេ សង្រ្គាមនេះនឹងមិនកើតឡើងទេ ខណដែលនាយករដ្ឋមន្រ្តីអ៊ុយក្រែនក៏បាននិយាយដែរថា អ៊ុយក្រែននឹងមិនអាចទប់ទល់បានទេបើគ្មានការជួយជ្រោមជ្រែងពីអាមេរិក។

យោងតាមតួលេខផ្លូវការ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនបានបែងចែកជំនួយសរុបជិត ១៨៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ជាមួយនឹងការប្តេជ្ញាចិត្តផ្តល់រហូតដល់ ១៣០.១ ពាន់លានដុល្លារ និង ៨៦.៧ពាន់លានដុល្លារត្រូវបានបញ្ចេញរួចហើយ។

លោក Orban បានអះអាងថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ចង់បង្កើនទំហំជម្លោះ ខណៈប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គឺ គាំទ្រសន្តិភាព ដែលជាគំនិតផ្ទុយគ្នា។ កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ៧២៥ លានដុល្លារសម្រាប់ទីក្រុងគៀវ រួមទាំងសមត្ថភាពការពារអាកាស គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត និងកាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះ។

ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinkenក៏បានអំពាវនាវដល់ទីក្រុងគៀវ ឱ្យបន្ថយអាយុជាប់កាតព្វកិច្ចទាហានពីកម្រិតបច្ចុប្បន្នមកត្រឹម ២៥ ឆ្នាំ ដែល Orban បានពណ៌នាថា គួរឱ្យភ័យខ្លាច ព្រោះសូម្បីតែជនជាតិអ៊ុយក្រែនកាន់តែច្រើននឹងស្លាប់។

លោក Orban បាន​ប្រកែក​ថា វា​ដល់​ពេល​ហើយ​សម្រាប់​គោល​នយោបាយ​អាមេរិក​ក្នុង​ការ​ផ្លាស់​ប្តូរ ព្រោះ​វា​បាន​ក្លាយ​ទៅ​ជា “មិន​មាន​និរន្តរភាពនោះទ្បើយ”។

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រី “កំពុងដាក់សម្ពាធយ៉ាងខ្លាំង ដើម្បីឲ្យគោលដៅរបស់លោក Donald Trump ក្នុងការបញ្ចប់សង្រ្គាមនេះ ក្លាយជាការពិតយ៉ាងឆាប់រហ័ស” ហើយបានព្រមានថា ការបរាជ័យក្នុងការសម្រេចបានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន នឹងបង្កើនហានិភ័យនៃការកើនឡើងជារៀងរាល់ថ្ងៃ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment