ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតាថាមិនមានអ្វីគួរឲ្យបារម្ភ ដោយថា មីស៊ីលចំនួន ១៣ ក្នុងចំណោម ១៤ គ្រាប់ ត្រូវបានស្ទាក់ចាប់។

លោក ត្រាំ បង្ហោះលើបណ្ដាញសង្គមថា អ៊ីរ៉ង់ បានសងសឹកអាមេរិកវិញនៅក្នុងភាពដ៏ខ្សោយមួយ។ មីស៊ីលចំនួន ១៤ គ្រាប់ ខណៈ ១៣ គ្រាប់ ត្រូវបានបាញ់ទម្លាក់ ហើយមិនមានអ្នកណាម្នាក់រងរបួសនោះទេ ក្នុងហេតុការណ៍នេះ។
លោក បានបន្ថែមថា ខ្ញុំចង់អរគុណអ៊ីរ៉ង់ ដែលជូនដំណឹងយើងជាមុនថានឹងមានការវាយប្រហារបន្តបន្ទាប់។
អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅយប់ថ្ងៃទី ១៣ ខែមិថុនា។ តិចជាង ២៤ ម៉ោង ក្រោយមកសាធារណរដ្ឋអ៊ីស្លាម បានធ្វើការវាយប្រហារសងសឹក។ សហរដ្ឋអាមេរិក បានជ្រៀតចូលទៅក្នុងជម្លោះប្រដាប់អាវុធនេះ ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។
កាលពីយប់ថ្ងៃចន្ទ ប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសកាតា តែមិនបង្កឲ្យមានអ្នករងរបួស និងស្លាប់នោះទេ ៕

ដោយ៖ ពេជ្រ