ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលការចោទប្រកាន់របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ថាលោក កំពុងញុះញង់ឱ្យមានសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន ដោយឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Newsom ថា ខ្ញុំមិនចង់បានសង្រ្គាមស៊ីវិលទេ។ ប៉ុន្តែសង្រ្គាមស៊ីវិលនឹងកើតឡើង ប្រសិនបើអ្នកមិនអើពើ ហើយមិនខ្វល់ដូចលោកអភិបាលរដ្ឋ លោក Newsom ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានចោទប្រកាន់ថា សកម្មភាពរបស់ប្រធានាធិបតី លោក ត្រាំ ក្នុងការឆ្លើយតបទៅនឹងភាពចលាចលនៅទីក្រុង Los Angeles គឺស្មើនឹងការបង្កសង្គ្រាមស៊ីវិល ។
ទោះជាយ៉ាងណា លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហព័ន្ធអាមេរិក គ្មានជម្រើសអ្វីក្រៅពីការដាក់ពង្រាយអង្គភាពឆ្មាំជាតិ ដើម្បីបង្ក្រាបភាពចលាចលនៅរដ្ឋកាលីហ្វ័រញ៉ា នោះទេ ។

កាលពីថ្ងៃទី ៦ ខែមិថុនា ការចាប់ខ្លួនជនចំណាកស្រុកគ្មានឯកសារជាច្រើនបានចាប់ផ្តើមនៅក្នុងទីក្រុង Los Angeles ។ គិតត្រឹមល្ងាចថ្ងៃទី៧ មិថុនា យ៉ាងហោចណាស់មនុស្ស ៤៤នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់អន្តោប្រវេសន៍។ សកម្មភាពនៃការអនុវត្តច្បាប់ បានបង្កឱ្យមានបាតុកម្មនៅក្នុងទូទៅទីក្រុង។ យោងតាម របាយការណ៍របស់ CBS បានឲ្យដឹងថា ក្រុមអ្នកតវ៉ា ព្យាយាមរារាំងសកម្មភាពអនុវត្តច្បាប់ ដោយបិទផ្លូវ គប់ដុំថ្ម និងកាំជ្រួចមកលើមន្ត្រីមកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប៉ូលីស បានចាប់ខ្លួនមនុស្សយ៉ាងតិចចំនួន ៥៦ នាក់ ក្នុងអំឡុងពេលចលាចលនៅទីក្រុង Los Angeles ៕

ដោយ៖ ពេជ្រ